ព័ត៌មានអន្តរជាតិ

វៀតណាម ប្រើយន្តហោះគ្មានមនុស្សបើក Drone ដើម្បីតាមដានប្រជាជន អំឡុងពេលបិទខ្ទប់

បរទេស៖ ស្រុក ហាយចូវ របស់ខេត្ត ដាណាង កាលពីថ្ងៃអាទិត្យ បានចាប់ផ្តើមប្រើប្រាស់យន្តហោះគ្មានមនុស្សបើក ឬ Drone ដើម្បីតាមដានប្រជាជន ក្នុងកំឡុងពេលមានការបិទខ្ទប់ប្រទេសដោយសារជំងឺកូវីដ ១៩ ។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា យន្តហោះគ្មានមនុស្សបើក ឬ Drone ចំនួន ១៥ គ្រឿង ដែលផ្តល់ដោយឥតគិតថ្លៃដោយក្រុមអ្នកស្ម័គ្រចិត្ត គឺមានសមត្ថភាពហោះហើរបានប្រហែល ២៥ នាទី។ គណៈកម្មាធិការប្រជាជនស្រុកហាយចូវ បាននិយាយថា យន្តហោះ Drone ទាំងនោះ មកជាមួយអាគុយប្រហែល ៨ គ្រាប់ ដូច្នេះវាអាចហោះបានរាប់ម៉ោង។

នៅសង្កាត់នីមួយៗនៅក្នុងស្រុក នឹងត្រូវបំពាក់ដោយយន្តហោះគ្មានមនុស្សបើកមួយគ្រឿង។ សង្កាត់ដែលមានចំនួនខ្ពស់នៃករណីឆ្លង Covid-19 ដូចជា Hoa Thuan Dong ឬ Binh Hien នឹងមានយន្តហោះគ្មានមនុស្សបើកពីរគ្រឿង។

លោក Tran Huu Duc Nhat ប្រធានក្រុមអ្នកស្ម័គ្រចិត្តបាននិយាយថាយន្តហោះគ្មានមនុស្សបើកមានសមត្ថភាពហោះហើរក្នុងកម្រិតទាបដែលមានប្រយោជន៍ក្នុងការត្រួតពិនិត្យផ្លូវតូច និងផ្លូវចង្អៀត។ យន្តហោះក៏បង្កើតសំលេងរំខានផងដែរដូច្នេះមនុស្សនឹងដឹងអំពីពួកគេ។ លោកបានបន្ថែមថារូបភាពដែលចាប់បានដោយយន្តហោះគ្មានមនុស្សបើកនឹងត្រូវផ្ទេរទៅឱ្យគណៈកម្មាធិការប្រជាជនដូច្នេះអ្នកល្មើសអាចត្រូវបានដោះស្រាយភ្លាមៗ៕

ប្រែសម្រួលៈ ណៃ តុលា

To Top