ព័ត៌មានអន្តរជាតិ

នាវាពិឃាតអាមេរិក ធ្វើដំណើរកាត់តាមច្រក សមុទ្រតៃវ៉ាន់

បរទេស៖ស្របពេលមានភាព តានតឹងក្នុងតំបន់កើនឡើង នាវាចម្បាំងសហរដ្ឋអាមេរិក បានធ្វើដំណើរកាត់តាមច្រកសមុទ្រតៃវ៉ាន់ សម្រាប់លើកទី៨ ក្នុងឆ្នាំនេះ ក្រោយទ័ពជើងទឹកអាមេរិក ធ្វើការធ្វើដំណើរឆ្លងកាត់ផ្លូវទឹកនោះជាប្រក្រតីមួយ នៅថ្ងៃសុក្រម្សិលមិញនេះ។

តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI បានឲ្យដឹងថា កងនាវាលេខា៧ មានមូលដ្ឋាននៅជប៉ុនរបស់ទ័ពជើងទឹកអាមេរិក បានប្រាប់ថា នាវាពិឃាតិសមត្ថភាពមីស៊ីល USS Kidd ប្រភេទ Arleigh Burke បានធ្វើដំណើរកាត់តាមច្រកសមុទ្រតៃវ៉ាន់។

សេចក្តីប្រកាសរបស់កងនាវាទ័ពជើងទឹកអាមេរិក បានពិពណ៌នាការធ្វើដំណើរកាត់តាមច្រកសមុទ្រតៃវ៉ាន់នោះ ថាអនុលោមតាមច្បាប់អន្តរជាតិ និងជាផ្នែកនៃការប្តេជ្ញារបស់សហរដ្ឋអាមេរិក ចំពោះសេរីភាពនិងភាពបើកចំហនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

គួរបញ្ជាក់ថា នៅពេលថ្មីៗកន្លងទៅនេះ នាវាពិឃាតអាមេរិក USS Benfold បានធ្វើដំណើរកាត់តាមច្រកសមុទ្រប្រវែង១១០ម៉ាយ ដែលខ័ណ្ឌចែកប្រទេសចិននិងកោះតៃវ៉ាន់នោះ កាលពីក្នុងខែកក្កដា ហើយនៅពេលនោះផងដែរ យោធាចិនបាននិយាយថា ខ្លួនបានបណ្ដេញនាវាចម្បាំងអាមេរិកឲ្យចាកចេញ ក្រោយនាវានោះចូលក្នុងដែនទឹកចិនអះអាងកម្មសិទ្ធិ នៅជុំប្រជុំកោះមានជម្លោះ ប៉ារ៉ាសែល៕ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top