ព័ត៌មានអន្តរជាតិ

អាមេរិក ផ្អាកវត្តមានការទូតនៅ អាហ្វហ្គានីស្ថាន

បរទេស៖រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានមានប្រសាសន៍ប្រាប់ថា សហរដ្ឋអាមេរិក បានធ្វើការផ្អាកវត្តមានការទូតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងបានបញ្ជូនក្រុមប្រតិបត្តិការការទូតទៅកាន់ប្រទេសកាតា ស្របពេលដែលយោធាអាមេរិកបញ្ចប់ការដកទ័ពរបស់ខ្លួនចេញពីប្រទេសនេះ បញ្ចប់សង្គ្រាមរយៈពេល២០ឆ្នាំ។

លោកក៏បានបង្ហាញនូវការប្តេជ្ញាជួយដល់ពលរដ្ឋអាមេរិកគ្រប់រូប ដែលចង់ចាកចេញពីប្រទេសខ្ទេចខ្ទាំដោយសង្គ្រាមមួយនេះផងដែរ។ ថ្លែងក្រោយត្រឹមតែប៉ុន្មានម៉ោង បន្ទាប់ពីជើងយន្តហោះជម្លៀសចុងក្រោយ ចាកចេញពីទីក្រុងកាប៊ុលនោះ លោកបានមានប្រសាសន៍ថា ពលរដ្ឋអាមេរិកមួយចំនួនតូច នៅតែស្ថិតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។

ផ្ទាំងពាណិជ្ជកម្ម

យោងតាមប្រភពព័ត៌មានមួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Hindustan Times នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា សេចក្តីរាយការណ៍នានាបាននិយាយថា ការបាញ់កាំភ្លើងអបអរ អាចត្រូវបានគេឮសូរ ពីប៉ុស្តិ៍ត្រួតពិនិត្យរបស់ពួកតាលីបង់មួយចំនួន នៅក្នុងទីក្រុងកាប៊ុល នាព្រឹកថ្ងៃអង្គារនេះ ស្របពេលដែលមន្ត្រីជាន់ខ្ពស់តាលីបង់និយាយថា ការដកទ័ពរបស់អាមេរិក គឺជាពេលវេលាដ៏ត្រជាក់ត្រជុំមួយ។

មន្ត្រីនាំពាក្យពួកតាលីបង់ លោក Zabihullah Mujahid បាននិយាយប្រាប់ថា ប្រទេសអាហ្វហ្គានីស្ថាន ទើបតែទទួលបាននូវឯករាជ្យដ៏ពេញលេញ ដោយការដកទ័ពរបស់សហរដ្ឋអាមេរិក ហើយលោក Anas Haqqani ជាមន្ត្រីពួកតាលីបង់ បាននិយាយថា លោកមានមោទនភាព ដែលបានឃើញពេលវេលាជាប្រវត្តិសាស្ត្រនេះ៕
ប្រែសម្រួល៖ប៉ាង កុង

To Top
×