ព័ត៌មានអន្តរជាតិ

តៃវ៉ាន់៖ចិនអាចនឹងធ្វើឲ្យប្រព័ន្ធការពារបស់ខ្លួន អាក់ដំណើរការ ហើយការគម្រាមកំហែង កាន់តែអាក្រក់ឡើង

បរទេស៖ក្រសួងការពារជាតិតៃវ៉ាន់ តាមសេចក្តីរាយការណ៍ បាននិយាយថា កងកម្លាំងប្រដាប់អាវុធចិន អាចធ្វើឲ្យប្រព័ន្ធការពាររបស់តៃវ៉ាន់អាក់ដំណើរការ និងអាចពិនិត្យមើលឃើញទាំងស្រុងលើការដាក់ពង្រាយ ហើយនេះគឺជាការផ្តល់ការវាយតម្លៃយ៉ាងច្បាស់ អំពីការគម្រាមកំហែងកើនឡើង បង្កដោយមហាយក្សចិន។

ទីក្រុងប៉េកាំង នាពេលបច្ចុប្បន្ននេះ កំពុងតែបង្កើនសកម្មភាពយោធា នៅជុំវិញកោះតៃវ៉ាន់ ដោយខ្លួនមើលឃើញកោះកាន់លទ្ធិប្រជាធិបតេយ្យនេះថា ជាទឹកដីមួយផ្នែករបស់ប្រទេសចិន ហើយចិនក៏មិនដែលបដិសេធ ចំពោះការប្រើប្រាស់កម្លាំង ដើម្បីនាំយកកោះតៃវ៉ាន់ ឲ្យមកស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនដែរ។

នៅក្នុងរបាយការណ៍ប្រចាំឆ្នាំមួយ របស់ក្រសួងការពារជាតិតៃវ៉ាន់ ដែលប្រគល់ឲ្យដល់រដ្ឋសភា ស្តីពីយោធារបស់ប្រទេសចិននោះ ក្រសួងការពារជាតិកោះតៃវ៉ាន់ បានបង្ហាញនូវទស្សនៈធ្ងន់ធ្ងរឆ្ងាយជាងកាលពីឆ្នាំមិញ ជាពេលដែលរបាយការណ៍បាននិយាយថា ប្រទេសចិននៅតែខ្វះសមត្ថភាពដើម្បីធ្វើការវាយប្រហារទាំងស្រុង ទៅលើតៃវ៉ាន់។

របាយការណ៍ឆ្នាំនេះរបស់តៃវ៉ាន់បាននិយាយថា ប្រទេសចិន អាចបើកដំណើរការនូវអ្វីដែលជាការវាយប្រហារផ្នែកអេឡិកត្រូនិកទាំងសូហ្វវែនិងហាដវែ រួមមានទាំងការបិទការទំនាក់ទំនាងគ្នា នៅទូទាំងផ្នែកភាគខាងលិចនៃជួរកោះដំបូង។

របាយការណ៍ដដែលនេះបន្តថា ចិនអាចរួមបញ្ចូលគ្នាជាមួយកងទ័ពអ៊ីនធឺណេតរបស់ខ្លួន បើកការវាយប្រហារទាំងតាមបណ្ដាញមានខ្សែនិងបណ្ដាញអត់ខ្សែ ទៅលើប្រព័ន្ធអ៊ីនធឺណេតសកល ដែលជាបឋមធ្វើឲ្យប្រព័ន្ធការពារដែនអាកាស ទីបញ្ជាការដែនសមុទ្រ និងសមត្ថភាពប្រព័ន្ធទប់ទល់ការវាយប្រហាររបស់តៃវ៉ាន់ អាក់មិនដំណើរការ បង្កឲ្យមានការគម្រាមកំហែងដ៏ធំដល់តៃវ៉ាន់៕ ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×