ព័ត៌មានអន្តរជាតិ

ប៉ាគីស្ថាន បារម្ភចំពោះការគម្រាមកំហែង សន្តិសុខពីអាហ្វហ្គានីស្ថាន

បរទេស៖ តាមសេចក្តីរាយការណ៍ មានក្តីព្រួយបារម្ភកើនឡើង នៅក្នុងចំណោមមន្ត្រីប៉ាគីស្ថាន ស្តីពីសន្តិសុខក្នុងប្រទេសជិតខាង គឺអាហ្វហ្គានីស្ថាន ស្របពេលដែលពួកតាលីបង់ ព្យាយាមបង្កើតរដ្ឋាភិបាល និងធ្វើប្រទេសឲ្យមានភាពនឹងនរវិញ ក្រោយកងទ័ពអាមេរិក និងកងទ័ពបរទេសបានដកចេញ។

ទីក្រុងអ៊ីស្លាម៉ាបាត មានក្តីព្រួយបារម្ភជាខ្លាំង ស្តីពីកងកម្លាំងប្រយុទ្ធពួកសកម្មប្រយុទ្ធ មកពីក្រុមតាលីបង់ប៉ាគីស្ថានផ្សេងមួយ ដែលឆ្លងមកពីអាហ្វហ្គានីស្ថាន និងបើកការវាយប្រហារ នៅលើទឹកដីប៉ាគីស្ថាន ដោយពលរដ្ឋប៉ាគីស្ថានរាប់ពាន់នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងជម្លោះជាមួយពួកជីហាដ នៅក្នុងពេល ២ទសវត្សកន្លងទៅ។

ជាការគូសបញ្ជាក់ពីការ គម្រាមកំហែងសន្តិសុខ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាននោះ នៅក្នុងពេលចុងក្រោយប៉ុន្មានថ្ងៃថ្មីៗនេះ ការបំផ្ទុះគ្រាប់បែកអត្តឃាត ដែលអះអាងទទួលខុសត្រូវ ដោយក្រុមរដ្ឋឥស្លាមជ្រុលនិយមមួយ នៅខាងក្រៅអាកាសយានដ្ឋាន ទីក្រុងកាប៊ុល បានឆក់យកជីវិតមនុស្សជាង ១០០នាក់ រួមមានទាំងទាហានអាមេរិក ១៣នាក់ផង។

មន្ត្រីជាន់ខ្ពស់ប៉ាគីស្ថានមួយរូប បាននិយាយថា រយៈពេលពី២ទៅ៣ខែក្រោយ គឺជាពេលវេលាដ៏សំខាន់ និងបានបន្ថែមថា ទីក្រុងអ៊ីស្ថាម៉ាបាត ភ័យខ្លាចថាមានការកើនឡើង ក្នុងការវាយប្រហារដោយពួកសកម្មប្រយុទ្ធ នៅតាមព្រំដែនអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន ស្របពេលដែលពួកតាលីបង់ ព្យាយាមបំពេញចន្លោះខ្វះខាត ដែលបន្សល់ទុកដោយការដួលរំលំ នៃកងកម្លាំងអាហ្វហ្គានីស្ថាន និងរដ្ឋបាលគាំទ្រដោយលោកខាងលិច ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top
×