ព័ត៌មានអន្តរជាតិ

លោក ប្រាយុទ្ធ ចាន់អូឆា បន្ដការពារការគ្រប់គ្រង របស់រដ្ឋាភិបាលលោក ស្ដីពីវិបត្ដិជំងឺកូវីដ-១៩

បាងកក៖ នាយករដ្ឋមន្រ្តីថៃលោក ប្រាយុទ្ធ ចាន់អូឆា បានការពារការគ្រប់គ្រងរបស់រដ្ឋាភិបាលរបស់លោក ចំពោះវិបត្តិជំងឺកូវីដ-១៩ នៅថ្ងៃទីពីរនៃការជជែកដេញដោលគ្មានទំនុកចិត្ត ខណៈដែលស្តីបន្ទោសជំងឺរាតត្បាត ចំពោះកំណើនសេដ្ឋកិច្ចយឺតយ៉ាវរបស់ប្រទេស។

ថ្លែងនៅក្នុងសភានៅថ្ងៃពុធទី០១ ខែកញ្ញា លោកឧត្តមសេនីយ៍ប្រាយុទ្ធ ចាន់អូឆា បានសង្កត់ធ្ងន់ថា ប្រទេសថៃមិនមែនជាប្រទេសតែមួយគត់នៅលើពិភពលោក ដែលបានរងគ្រោះដោយជំងឺរាតត្បាត ហើយវិបត្តិសុខភាពពិភពលោកបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យទេសចរណ៍របស់ខ្លួន ដែលជា ប្រភពចំណូលសំខាន់របស់ប្រទេស។

លោកបានបញ្ជាក់ថា “វិស័យទេសចរណ៍ គឺជាវីរបុរសរបស់យើង នៅពេលដែលនិយាយដល់វិស័យសេដ្ឋកិច្ច។ នៅឆ្នាំ ២០១៩ វិស័យទេសចរណ៍បានបង្កើត ២០ ភាគរយ នៃផលិតផលក្នុងស្រុកសរុប និងបង្កើតការងារបាន ៨,៣ លានការងារ។ អ្នកទេសចរអន្តរជាតិជិត ៤០ លាននាក់ បានមកទស្សនាប្រទេសថៃ នៅពេលនោះ។

ប៉ុន្តែដោយសារជំងឺកូវីដ-១៩ បានផ្ទុះឡើងវាបានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់វិស័យទេសចរណ៍របស់ប្រទេសថៃ ដែលបណ្តាលឱ្យចំនួនភ្ញៀវទេសចរធ្លាក់ចុះមកនៅត្រឹម ៦,៧ លាននាក់ នៅឆ្នាំ ២០២០ ។ ការរីករាលដាលនៃជំងឺកូវីដ-១៩ ទាំងក្នុង និងក្រៅប្រទេស។

សុន្ទរកថារបស់នាយករដ្ឋមន្រ្តីបានធ្វើឡើងបន្ទាប់ពីមានការរិះគន់ពីតំណាងរាស្រ្តគណបក្សប្រឆាំង ដែលប្រឆាំងនឹងរដ្ឋបាលរបស់លោក និងការដោះស្រាយការរីករាលដាលនៃជំងឺរាតត្បាត នៅក្នុងកិច្ចពិភាក្សាគ្មានទំនុកចិត្តរយៈពេល ៤ ថ្ងៃ ដែលបានចាប់ផ្តើមកាលពីថ្ងៃអង្គារ។

កិច្ចពិភាក្សានេះផ្តោតលើនាយករដ្ឋមន្រ្តី និងសមាជិក ៥ រូបនៃខុទ្ទកាល័យរបស់លោក រួមមានរដ្ឋមន្រ្តីក្រសួងសុខាភិបាលលោក Anutin Charnvirakul រដ្ឋមន្ត្រីដឹកជញ្ជូនលោក Saksayam Chidchob រដ្ឋមន្ត្រីក្រសួងការងារលោក Suchat Chomklin រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឌីជីថលលោក Chaiwut Thanakamanusorn រដ្ឋមន្ត្រីក្រសួងកសិកម្មនិងសហករណ៍លោក Chalermchai Sri-on ។ វាត្រូវបានគ្រោងបញ្ចប់នៅថ្ងៃសុក្រ មុនការបោះឆ្នោតដោយសភាជាន់ទាបនៅថ្ងៃសៅរ៍៕

ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top