ព័ត៌មានអន្តរជាតិ

ពួកតាលីបង់ ត្រៀមបង្ហាញរដ្ឋាភិបាលអាហ្វហ្គានីស្ថាន ថ្មី ស្របពេលមានវិបត្តិសេដ្ឋកិច្ច

បរទេស៖ ក្រុមមេដឹកនាំពួកតាលីបង់នៃប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃព្រហស្បតិ៍នេះ កំពុងតែត្រៀមបង្ហាញរដ្ឋាភិបាលថ្មីរបស់ពួកគេ ស្របពេលដែលសេដ្ឋកិច្ច បានធ្លាក់ចុះជាខ្លាំង ក្រោយពេលជាង២សប្ដាហ៍ បន្ទាប់ពីពួកសកម្មប្រយុទ្ធឥស្លាមនេះ ដណ្ដើមបានទីក្រុងកាប៊ុល។


មន្ត្រីតាលីបង់ លោក Ahmadullah Muttaqi បាននិយាយលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា កម្មវិធីអបអរកំពុងតែរៀបចំឡើង នៅវិមានប្រធានាធិបតី ក្នុងទីក្រុងកាប៊ុល ស្របពេលដែលប្រព័ន្ធផ្សព្វផ្សាយឯកជន Tolo បាននិយាយថា សេចក្តីប្រកាសមួយស្តីពីរដ្ឋាភិបាលថ្មី ជិតនឹងធ្វើឡើងហើយ។


អ្នកវិភាគនិយាយថា ភាពស្របច្បាប់នៃរដ្ឋាភិបាលថ្មី នៅក្នុងភ្នែករបស់ម្ចាស់ជំនួយនិងអ្នកវិនិយោគអន្តរជាតិ នឹងមានសារៈសំខាន់សម្រាប់សេដ្ឋកិច្ចរបស់អាហ្វហ្គានីស្ថាន ដែលទំនងជានឹងធ្លាក់ចុះ ក្រោយពួកតាលីបង់វិលឡើងកាន់អំណាចវិញ។


គួរបញ្ជាក់ថា ពួកតាលីបង់ បានព្យាយាមបង្ហាញមុខមាត់កាន់តែសាកសមឡើង ដល់ពិភពលោក ចាប់តាំងពីពូកគេបានផ្តួលរំលំរដ្ឋាភិបាល គាំទ្រដោយអាមេរិក និងបានវិលមកកាន់អំណាចកាលពីខែមុន ដោយសន្យាការពារសិទ្ធិមនុស្ស និងមិនធ្វើការសងសឹកចំពោះសត្រូវចាស់៕


ប្រែសម្រួល៖ប៉ាង កុង

To Top
×