ព័ត៌មានអន្តរជាតិ

ចិន អំពាវនាវឱ្យមានការស៊ើបអង្កេត ឧក្រិដ្ឋកម្មសង្គ្រាមទៅលើ អាមេរិក និងណាតូ ក្រោយការដកទ័ពចេញពីអាហ្វហ្គានីស្ថាន

បរទេស៖ ករណីនៃការសម្លាប់ជនស៊ីវិលយ៉ាងច្រើន នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលត្រូវបានចោទប្រកាន់ថាបានប្រព្រឹត្តដោយសហរដ្ឋអាមេរិក និងប្រទេសណាតូដទៃទៀត ដែលបានចូលរួមក្នុងសង្គ្រាមរយៈពេល ២០ ឆ្នាំ គួរតែត្រូវបានស៊ើបអង្កេតហើយអ្នកដែលទទួលខុសត្រូវចំពោះឧក្រិដ្ឋកម្មសង្គ្រាម គួរតែត្រូវទទួលខុសត្រូវ ។ នេះបើតាមរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង វិនប៊ីន បានបញ្ជាក់។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក វ៉ាង វិនប៊ីនថា «ជីវិតនិងសិទ្ធិមនុស្សរបស់ប្រជាជនអាហ្វហ្គានីស្ថាន គួរតែត្រូវបានការពារ។ នេះនិយាយអំពីនីតិរដ្ឋ យុត្តិធម៌អន្តរជាតិ និងវឌ្ឍនភាពនៃសិទ្ធិមនុស្ស»។

យោងតាមក្រសួងការបរទេសចិន គឺមានជនស៊ីវិលអាហ្វហ្គានីស្ថានប្រមាណ ៤៧ ០០០ នាក់បានស្លាប់ ដោយសារជម្លោះប្រដាប់អាវុធ នៅអាហ្វហ្គានីស្ថានត្រឹមខែមេសាឆ្នាំ ២០២០ នៅពេលដែលអាមេរិក និង ក្រុម តាលីបង់ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពនេះ។ នៅទីបំផុតលទ្ធផលនៃការដកខ្លួនរបស់ណាតូចេញពីប្រទេសដែលបានបញ្ចប់ទាំងស្រុង នៅថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០២១ ។

ព័ត៌មានអំពីការស្លាប់របស់ជនស៊ីវិលយ៉ាងច្រើន នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលជាលទ្ធផលនៃសកម្មភាពរបស់កងទ័ពណាតូ ត្រូវបានបង្ហាញជាសាធារណៈលើកដំបូងក្នុងឆ្នាំ ២០១០ នៅពេលដែលវែបសាយ WikiLeaks បានធ្វើឱ្យលេចធ្លាយឯកសារចាត់ថ្នាក់ជាង ៩១ ០០០ ដែលទាញយកពីបណ្តាញយោធាអាមេរិក ដោយអ្នកបញ្ចេញព័ត៌មានឈ្មោះ Chelsea Manning។ ឯកសារបានបង្ហាញថា ការសម្លាប់ជនស៊ីវិលរាប់រយនាក់នៅតែមិនត្រូវបានលើកឡើងនៅក្នុង របាយការណ៍អាមេរិកនិងណាតូ អំពីសកម្មភាពយោធារបស់ពួកគេនៅក្នុងប្រទេស បង្កឱ្យមានរលកនៃការមិនពេញចិត្តជាសាធារណៈ។ គ្មានប្រទេសណាមួយមកទទួលខុសត្រូវ ដោយផ្អែកលើការបើកបង្ហាញទាំងនេះទេ៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top