ព័ត៌មានអន្តរជាតិ

វិមានក្រឹមឡាំង៖ជំនួយយោធាអាមេរិក អាចនឹងធ្វើឲ្យអ៊ុយក្រែន មានឥរិយាបថ មិនអាចស្មានដឹង

បរទេស៖វិមានក្រឹមឡាំង នៅថ្ងៃព្រហស្បតិ៍នេះ បាននិយាយថា ជំនួយយោធាអាមេរិកឲ្យដល់អ៊ុយក្រែន អាចនឹងធ្វើឲ្ឲយទីក្រុងគៀវ មានឥរិយាបថមិនអាចស្មានដឹង នៅក្នុងជម្លោះរបស់ខ្លួនជាមួយក្រុមបះបោរគាំទ្រដោយរុស្ស៊ី និងថាខ្លួនមានការសោកស្តាយ ចំពោះប្រការដែលចំណងមិត្តភាពអាមេរិកនិងអ៊ុយក្រែន ស្ថិតក្នុងការប្រឆាំងនឹងទីក្រុងមូស្គូ។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy នៅថ្ងៃពុធសប្ដាហ៍នេះថា សហរដ្ឋអាមេរិកមានការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ ចំពោះបូរណភាពទឹកដីរបស់អ៊ុយក្រែន និងបានផ្តល់ឲ្យទីក្រុងគៀវ នូវជំនួយសន្តិសុខថ្មីចំនួនប្រាក់៦០លានដុល្លារ។

មន្ត្រីនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានលើកឡើងពីក្តីព្រួយបារម្ភ ស្តីពីផែនការសម្រាប់ជំនួយយោធាសហរដ្ឋអាមេរិក នៅក្នុងសេចក្តីថ្លែងការណ៍ប្រាប់ដល់អ្នកសារព័ត៌មាន នៅក្នុងទីក្រុង តំបន់ភាគខាងកើតរបស់ប្រទេស រុស្ស៊ី។

គួរបញ្ជាក់ថា កងទ័ពរបស់ប្រទេសអ៊ុយក្រែន បានធ្វើការប្រយុទ្ធគ្នាជាមួយនឹងកងកម្លាំងគាំទ្រដោយរុស្ស៊ី នៅក្នុងតំបន់ Donbass ស្ថិតភាគខាងកើតប្រទេស ចាប់តាំងពីឆ្នាំ២០១៤មក ហើយនេះជាជម្លោះមួយ ដែលទីក្រុងគៀវនិយាយថា បានសម្លាប់មនុស្សចំនួន១៤.០០០នាក់៕
ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top