បាងកក៖ មជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍ជំងឺកូវីដ-១៩ របស់ប្រទេសថៃ បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា ករណីឆ្លងជំងឺកូវីដ-១៩ របស់ប្រទេសថៃបានកើនឡើង ១៤,៩៥៦ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ តួលេខសរុបកើនឡើងដល់ ១,២៣៤,៤៨៧ករណី ។
ចំនួនករណីថ្មីប្រចាំថ្ងៃបានធ្លាក់ចុះក្រោម ១៥,០០០ករណី សម្រាប់រយៈពេល៣ ថ្ងៃជាប់ៗគ្នា ដែលមួយរយៈចុងក្រោយនេះ តួលេខអ្នកឆ្លងប្រចាំថ្ងៃ អាចមានរហូតដល់ទៅ ២០០០០ករណី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ប្រទេសនេះក៏បានរាយការណ៍ពីការស្លាប់ចំនួន ២៦២ នាក់ ដែលធ្វើឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ១២,១០៣ នាក់។ ចំនួនអ្នកស្លាប់ផ្លូវការ គឺជិត ១ ភាគរយនៃការឆ្លងសរុប។
ក្នុងចំណោមការឆ្លងថ្មីនេះ ករណីជាង ៦,០០០ ករណីត្រូវបានរកឃើញនៅទីក្រុងបាងកក និងខេត្តជិតខាងទាំង ៥ របស់ខ្លួន ហើយជាងពាក់កណ្តាលនៃអ្នកស្លាប់ថ្មី ក៏មកពីតំបន់ទាំងនេះដែរ។
ប្រទេសថៃ បានបន្តបង្កើនការចាក់ថ្នាំបង្ការជាតិរបស់ខ្លួននាពេលថ្មីៗនេះ ដោយសង្ឃឹមថា នឹងទប់ស្កាត់ចំនួននៃការឆ្លងថ្មី ដែលល្អប្រសើរដែលត្រូវបានជំរុញជាចម្បងដោយការរីករាលដាលនៃទម្រង់ឆ្លងថ្មី Delta ដែលមានការរីករាលដាលខ្លាំង។ ក្នុងនោះវ៉ាក់សាំងជំងឺកូវីដ-១៩ ចំនួនជាង ៨០០,០០០ ដូសត្រូវបានចាក់ជូនពលរដ្ឋត្រឹមតែមួយថ្ងៃកាលពីថ្ងៃពុធ។
រហូតមកដល់ពេលនេះប្រហែល ១២ ភាគរយនៃប្រជាជនថៃ បានទទួលថ្នាំបង្ការពេញលេញប្រឆាំងនឹងវីរុសនេះ។ ប្រទេសនេះកំពុងព្យាយាមចាក់ថ្នាំបង្ការ ៧០ ភាគរយនៃប្រជាជនចំនួន ៦៩ លាននាក់របស់ខ្លួននៅចុងឆ្នាំនេះ៕ដោយ ឈូក បូរ៉ា