Feature

ប្រឈមការបាក់ទំនប់! ក្រសួងធនធានទឹក អាជ្ញាធរខេត្ត ចុះអន្តរាគមន៍រំដោះជំនន់ និងប្រកាសឱ្យពលរដ្ឋស្រុកមង្គលបូរី ត្រៀមជម្លៀស

បន្ទាយមានជ័យ៖ ការកើនឡើងកម្ពស់ទឹកជំនន់យ៉ាងគំហុក បានបង្កជាហានិភ័យប្រឈមធ្ងន់ធ្ងរដល់សុវត្ថិភាពទំនប់ និងប្រព័ន្ធធារាសាស្ត្រក្នុងស្រុកមង្គលបូរី ដែលអាចបង្កជាមហន្តរាយលិចលង់ប៉ះពាល់ផ្ទាល់ដល់អាយុជីវិត និងទ្រព្យសម្បត្តិពលរដ្ឋ ទើបជំរុញឱ្យ លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងលោក ឃ្លោក នួយ អភិបាលរងខេត្តបន្ទាយមានជ័យ ចុះអន្តរាគមន៍បន្ទាន់ នៅចំណុចក្តៅក្នុងភូមិប្រឡាយចារ ឃុំចំណោម និងសំណង់ធារាសាស្ត្រពោធិ៍ពីរដើម ឃុំរហាត់ទឹក កាលពីល្ងាចថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦។

ក្នុងប្រតិបត្តិការសង្គ្រោះបន្ទាន់នេះ លោក ចាន់ ស៊ីណាត បានចេញបទបញ្ជាបន្ទាន់ឱ្យមន្ត្រីបច្ចេកទេសបង្កើនការតាមដានស្ថានភាពទឹក ២៤ម៉ោង លើ ២៤ម៉ោង ដោយត្រូវត្រៀមបើកទ្វារទឹករំដោះជំនន់ និងប្រញាប់ប្រញាល់ជួសជុលទំនប់ ឬប្រឡាយដែលរងការខូចខាតភ្លាមៗ សំដៅកាត់បន្ថយផលប៉ះពាល់លើផលដំណាំ និងហេដ្ឋារចនាសម្ព័ន្ធឱ្យនៅកម្រិតទាបបំផុត។

ជាការឆ្លើយតប និងទប់ស្កាត់ហានិភ័យ លោក ឃ្លោក នួយ បានបញ្ជាក់ថា អាជ្ញាធរបានត្រៀមកម្លាំងសហការជាមួយក្រសួងរួចរាល់ហើយ ព្រមទាំងបានចេញសេចក្តីអំពាវនាវដល់ប្រជាពលរដ្ឋរស់នៅតាមបណ្តោយស្ទឹង ប្រឡាយ និងតំបន់ប្រឈមការជន់លិចខ្លាំង ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងរៀបចំជម្លៀសសមាជិកគ្រួសារ ព្រមទាំងទ្រព្យសម្បត្តិទៅកាន់ទីទួលសុវត្ថិភាព ដើម្បីជៀសវាងគ្រោះថ្នាក់ដោយយថាហេតុ៕

អត្ថបទ: ប៊ុន សំណាង/DapNews

To Top