ព័ត៌មានអន្តរជាតិ

មន្ត្រីជាន់ខ្ពស់អឺរ៉ុប៖ សហភាពអឺរ៉ុបត្រូវតែបង្កើត កងកម្លាំងប្រតិកម្មរហ័ស

បរទេស៖ មន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបចំនួន២រូប នៅថ្ងៃព្រហស្បតិ៍នេះ បានជំរុញរដ្ឋាភិបាលនៃសហគមន៍នេះ ឲ្យបង្កើតកងកម្លាំងយោធាប្រតិកម្មរហ័ស ដើម្បីធ្វើកិច្ចអន្តរាគមន៍នៅជុំវិញពិភពលោក ដោយនិយាយថា វិបត្តិនៅអាហ្វហ្គានីស្ថាន បានផ្តល់ឱកាសមួយដើម្បីបញ្ចប់ភាពអសកម្មជាច្រើនឆ្នាំ។


មន្ត្រីការទូតជាន់ខ្ពស់និងមេយោធាសហភាពអឺរ៉ុប តាមសេចក្តីរាយការណ៍ បាននិយាយថា សហភាពអឺរ៉ុប ចំាបាច់ត្រូវតែប្រតិកម្មចំពោះជម្លោះនៅក្រៅព្រំដែនខ្លួន និងថា ការបង្កើតកងកម្លាំងប្រតិកម្មរហ័សដំបូងមានកងទ័ព៥.០០០នាក់នេះ គឺជាផ្លូវឆ្ពោះទៅមុខ កាត់បន្ថយការពឹងផ្អែកលើសហរដ្ឋអាមេរិក។

លោកឧត្តមសេនីយ៍ Claudio Graziano ជាប្រធានគណៈកម្មការយោធាសហភាពអឺរ៉ុប បានមានប្រសាសន៍ដូច្នេះថា “ស្ថានភាពនៅអាហ្វហ្គានីស្ថាន តំបន់មជ្ឈិមបូព៌ា និងតំបន់ Sahel បង្ហាញថា បច្ចុប្បន្ននេះ គឺជាពេលដែលត្រូវធ្វើសកម្មភាព ដោយចាប់ផ្តើមជាមួយការបង្កើតកងកម្លាំងប្រតិកម្មរហ័សអឺរ៉ុបមួយដែលមានសមត្ថភាពអាចបង្ហាញ នូវឆន្ទៈសហគមន៍ចង់ធ្វើតួនាទីជាដៃគូយុទ្ធសាស្ត្រពិភពលោក”។


ចំណែកលោក Josep Borrell ជាប្រធានគោលនយោបាយបរទេសសហភាពអឺរ៉ុប បានមានប្រសាសន៍ក្នុងប្រទេសស្លូវេនីថា ការដករបស់លោកខាងលិច ចេញពីប្រទេសអាហ្វហ្គានីស្ថាន គឺទំនងជាកាតាលីករមួយ សម្រាប់បំណងរបស់សហភាពអឺរ៉ុប ក្នុងអភិវឌ្ឍកិច្ចការពាររួមរបស់ខ្លួន ហើយកងកម្លាំងប្រតិកម្មរហ័ស ត្រូវតែជាផ្នែកនៃរឿងនោះ៕


ប្រែសម្រួល៖ប៉ាង កុង

To Top