ព័ត៌មានអន្តរជាតិ

អ្នកការទូតជាន់ខ្ពស់ចិន ជំរុញឲ្យអាមេរិក ប្រកាន់យកគោលនយោបាយចិន ប្រកបដោយហេតុផល និងជាក់ស្តែង


ប៉េកាំង៖ លោក Yang Jiechi សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានជួបជាមួយបេសកជនពិសេសប្រធានាធិបតីអាមេរិក ទទួលបន្ទុកអាកាសធាតុលោក John Kerry តាមរយៈវីដេអូ តាមការអញ្ជើញដោយជំរុញឱ្យសហរដ្ឋអាមេរិក ប្រកាន់យកហេតុផល និងជាក់ស្តែង លើគោលនយោបាយចិន ដើម្បីធ្វើការជាមួយចិន ក្នុងការនាំឱ្យមានទំនាក់ទំនងឡើងវិញតាមដែលអាចធ្វើទៅបាន។

លោក Yang ក៏ជាប្រធានការិយាល័យនៃគណៈកម្មការកិច្ចការបរទេសនៃគណៈកម្មាធិការកណ្តាល CPC បានលើកឡើងថា មួយរយៈនេះទំនាក់ទំនងរវាងចិន-អាមេរិក បានប្រឈមមុខនឹងការលំបាកយ៉ាងធ្ងន់ធ្ងរ ដោយសារតែទង្វើខុសឆ្គងជាបន្តបន្ទាប់របស់សហរដ្ឋអាមេរិក ដើម្បីជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិន និងធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍របស់ចិន។ ប្រទេសចិន ប្រឆាំងយ៉ាងដាច់ខាតនិងថែមទាំងមានភាពម៉ឺងម៉ាត់ថែមទៀតក្នុងការប្រឆាំងនឹងការអនុវត្តបែបនេះ” ។

នៅពេលដែលការប្រឈមមុខដាក់គ្នារវាងចិន និងអាមេរិក មិនបម្រើផលប្រយោជន៍របស់នរណានោះទេ លោកបានលើកឡើងថា ប្រទេសទាំងពីរគួរតែមានការគោរពគ្នាទៅវិញទៅមករួមរស់ដោយសន្តិភាពដោះស្រាយភាពខុសគ្នាឱ្យបានត្រឹមត្រូវ និងធ្វើការដើម្បីលទ្ធផលឈ្នះឈ្នះ។

លោក Yang បានលើកឡើងថា“ នេះនឹងបម្រើផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជនទាំងសងខាង និងប្រជាជននៃប្រទេសទាំងអស់នៅលើពិភពលោក” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារារព័ត៌មានចិនស៊ិនហួ។

លោកបានសម្តែងក្តីសង្ឃឹមថា សហរដ្ឋអាមេរិក អាចពិចារណាលើផលប្រយោជន៍រួមរបស់ភាគីទាំងពីរ និងផលប្រយោជន៍យូរអង្វែងរបស់ខ្លួនចាត់វិធានការជាក់ស្តែង ដើម្បីកែតម្រូវនូវការធ្វើខុសមើលប្រទេសចិន និងទំនាក់ទំនងទ្វេភាគីក្នុងគោលបំណងសមហេតុផល និងគោរពប្រព័ន្ធនយោបាយចិន និងផ្លូវអភិវឌ្ឍន៍។

លោក Yang បានបន្ថែមថា ប្រទេសចិន បើកចំហចំពោះកិច្ចពិភាក្សា និងកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយសហរដ្ឋអាមេរិក ដោយកត់សម្គាល់ថា ប្រទេសទាំងពីរអាចបង្កើនការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការលើបញ្ហាជាច្រើន រួមទាំងការប្រែប្រួលអាកាសធាតុ ការគ្រប់គ្រងជំងឺកូវីដ-១៩ និងការស្តារសេដ្ឋកិច្ចឡើងវិញ។

ដោយកត់សម្គាល់ថាប្រទេសចិន បានធ្វើការសម្រេចចិត្តជាយុទ្ធសាស្រ្តធំ ៗ ជាបន្តបន្ទាប់ និងវិធានការខ្លាំងដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ដែលជាការបង្ហាញពីអាកប្បកិរិយាសកម្ម និងប្តេជ្ញាចិត្តរបស់ខ្លួន លោក Yang បានលើកឡើងថា ចិនគោរពសិទ្ធិរបស់ប្រទេសក្នុងការអភិវឌ្ឍន៍ និងជម្រើសរបស់ប្រទេសដទៃទៀត និងសិទ្ធិក្នុងការអភិវឌ្ឍន៍ និងការជ្រើសរើស ចិនក៏ត្រូវគោរពដែរ៕

ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×