ព័ត៌មានអន្តរជាតិ

ស្ថាប័ននយោបាយកំពូលចិន ច្រានចោលរបាយការណ៍ កោះតៃវ៉ាន់ របស់សភាអឺរ៉ុប

ប៉េកាំង៖ ស្ថាប័នប្រឹក្សានយោបាយកំពូល របស់ប្រទេសចិន បានសម្តែងការមិន ពេញចិត្តយ៉ាងខ្លាំងជាមួយ និងការប្រឆាំងចំពោះរបាយការណ៍ ដែលត្រូវបានអនុម័តថ្មីៗនេះ ដោយគណៈកម្មាធិការកិច្ចការ បរទេសរបស់សភាអឺរ៉ុប ជុំវិញបញ្ហាកោះតៃវ៉ាន់ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិ នហួ។

សេចក្តីថ្លែងការណ៍មួយដែល ចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ដោយគណៈកម្មាធិការកិច្ចការបរទេស នៃគណៈកម្មាធិការពិគ្រោះយោបល់ នយោបាយប្រជាជនចិន បានឲ្យដឹងថា ថ្វីបើមានតំណាងដ៏ឧឡារិក របស់ប្រទេសចិនក៏ដោយ ក៏របាយការណ៍ ស្តីពីអ្វីដែលហៅថា“ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ នយោបាយតៃវ៉ាន់-សហភាពអឺរ៉ុប” បានគាំទ្រការលើកកម្ពស់ ទំនាក់ទំនងអ៊ឺរ៉ុប-តៃវ៉ាន់។

សេចក្តីថ្លែងការណ៍បានឲ្យដឹងថា របាយការណ៍នេះបាន រំលោភយ៉ាងធ្ងន់ធ្ងរលើ គោលការណ៍ចិនតែមួយ និងជ្រៀតជ្រែកយ៉ាងជ្រាលជ្រៅ នៅក្នុងកិច្ចការផ្ទៃក្នុងរបស់ចិន ហើយថែមទាំងមានទំនាស់ យ៉ាងធ្ងន់ធ្ងរជាមួយច្បាប់អន្តរជាតិ និងបទដ្ឋានមូលដ្ឋាន នៃទំនាក់ទំនងអន្តរជាតិ។

សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថា មានប្រទេសចិនតែមួយនៅលើពិភពលោក ហើយតៃវ៉ាន់ គឺជាផ្នែកមួយដែលមិន អាចបំបែកបានរបស់ចិន សេចក្តីថ្លែងការណ៍បានឲ្យដឹងទៀតថា សំណួរតៃវ៉ាន់ គឺជាបញ្ហាសុទ្ធសាធនៃ កិច្ចការផ្ទៃក្នុងរបស់ចិន។

គោលការណ៍ចិនតែមួយ គឺជាបទដ្ឋានដែលត្រូវបាន ទទួលស្គាល់យ៉ាងទូលំទូលាយ នៃទំនាក់ទំនងអន្តរជាតិ និងការមូលមតិគ្នាទូទៅ របស់សហគមន៍អន្តរជាតិ ព្រមទាំងតម្រូវការជាមុន និងមូលដ្ឋាននយោបាយ សម្រាប់ប្រទេសចិន ក្នុងការរក្សា និងអភិវឌ្ឍន៍ ទំនាក់ទំនងមិត្តភាពនៃ កិច្ចសហប្រតិបត្តិការ ជាមួយប្រទេសដទៃទៀត។

សេចក្តីថ្លែងការណ៍ បានឲ្យដឹងទៀតថា ចិន ប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែក ណាមួយនៅក្នុងកិច្ចការ ផ្ទៃក្នុងរបស់ខ្លួន និងការរាំងស្ទះដំណើរការ ឆ្ពោះទៅរកការបង្រួបបង្រួមចិន ដោយសន្តិវិធី។

គណៈកម្មាធិការនេះបាន ជំរុញឱ្យភាគីសហភាពអឺរ៉ុប ទទួលស្គាល់ទាំងស្រុងនូវលក្ខណៈ រសើបខ្ពស់នៃសំណួរតៃវ៉ាន់ គោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ចិន និងបញ្ឈប់ការបញ្ជូន សញ្ញាមិនត្រឹមត្រូវណាមួយ ទៅកាន់កងកម្លាំង“ ឯករាជ្យតៃវ៉ាន់” ៕

ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top
×