ព័ត៌មានអន្តរជាតិ

វិធានការទប់ស្កាត់ជំងឺកូវីដ-១៩ ទាំងការបិទខ្ទប់ និងចត្តាឡីស័ក របស់វៀតណាម មិនទទួលបានលទ្ធផលល្អ

ហាណូយ៖ នាយករដ្ឋមន្រ្តីវៀតណាម បានលើកឡើងថា ប្រទេសវៀតណាម អាចប្រឈមមុខនឹងការប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លងដ៏វែងឆ្ងាយទៀត ហើយមិនអាចពឹងផ្អែកលើការបិទខ្ទប់ និងវិធានការចត្តាឡីស័ក ដោយគ្មានកំណត់ឡើយ ខណៈប្រទេសនេះកំពុងតស៊ូ ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺដ៏សាហាវនេះ។

ប្រទេសវៀតណាម បានដាក់ពង្រាយទាហាន និងបង្ខំប្រជាជននៅទីក្រុងធំបំផុតរបស់ខ្លួន ឱ្យស្នាក់នៅក្នុងផ្ទះរបស់ពួកគេ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្នុងវិធានការតឹងរ៉ឹងបំផុតរបស់ខ្លួននៅឡើយ ដើម្បីប្រយុទ្ធប្រឆាំងនឹងការផ្ទុះឡើង ដែលបានបំផ្លាញនូវអ្វីដែលជាកំណត់ត្រាទប់ស្កាត់ល្អបំផុតមួយរបស់ពិភពលោក។

នាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh បានលើកឡើងថា“ យើងមិនអាចប្រើវិធានការចត្តាឡីស័ក និងបិទខ្ទប់ជាដាច់ខាត ព្រោះវានឹងបង្កការលំបាកដល់ប្រជាជន និងសេដ្ឋកិច្ចរបស់ប្រទេស” ។

ការតាមដានការប៉ះពាល់ និងនីតិវិធី ដាក់ឲ្យ នៅដាច់ដោយឡែក នៅក្នុងប្រទេស ដែលមានប្រជាជនចំនួន ៩៨ លាននាក់ បានទទួលជោគជ័យក្នុងការរក្សាមេរោគនេះ ឲ្យ ស្ថិតក្រោមការគ្រប់គ្រងអស់រយៈពេលជាងមួយឆ្នាំ ប៉ុន្តែទម្រង់ឆ្លងថ្មី ដែលឆ្លងខ្លាំងបានវាយលុកប្រទេសវៀតណាមយ៉ាងខ្លាំង។

ករណីសរុបបានកើនឡើងពី ២ ទៅ ៣ពាន់ករណី នៅចុងខែមេសា ឡើងដល់ ៤៨០,០០០ នាក់ នាពេលបច្ចុប្បន្ននេះ ដោយមានមនុស្សស្លាប់ជាង ១២,០០០ នាក់ និងទីក្រុងហូជីមិញ ជាកន្លែងរងគ្រោះធ្ងន់ធ្ងរបំផុត។ អាជ្ញាធរបានរាយការណ៍ពីការឆ្លងចំនួន ១៣,១៩៧គរណី និងមានអ្នកស្លាប់ចំនួន ២៧១ នាក់កាលពីថ្ងៃព្រហស្បតិ៍៕

ដោយ ឈូក បូរ៉ា

To Top