ព័ត៌មានអន្តរជាតិ

ថ្ងៃនេះហ្វីលីពីន មានករណីឆ្លងជំងឺកូវីដ-១៩ រហូតដល់ជាង ២០០០០ករណី

ម៉ានីល៖ នាយកដ្ឋានសុខាភិបាលហ្វីលីពីន (DOH) បានរាយការណ៍ពីការឆ្លងថ្មីនៃជំងឺកូវីដ -១៩ ចំនួន ២០,៣១០ ករណីនៅថ្ងៃសុក្រនេះ ដែលនាំឱ្យចំនួនករណីឆ្លងសរុបនៅក្នុងប្រទេសអាស៊ីអាគ្នេយ៍មួយនេះកើនឡើងដល់ ២,០៤០,៥៦៨ករណី ។

ចំនួនអ្នកស្លាប់ គឺជាចំនួនសរុបខ្ពស់បំផុតទី ២ ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមកាលពីខែមករា ឆ្នាំមុន។ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៣៣,៨៧៣ នាក់បន្ទាប់ពីអ្នកជំងឺ ១៩៣ នាក់ទៀតបានស្លាប់ដោយសារជំងឺវីរុសនេះ។

លោកស្រី Maria Rosario Vergeire អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានព្រមានថាចំនួនករណីឆ្លងជំងឺកូវីដ-១៩ នឹងបន្តកើនឡើងដោយសារតែការរីករាលដាលនៃទម្រង់ឆ្លងថ្មី និងការចម្លងមេរោគផ្សេងៗ។

លោកស្រីបានបន្ថែមថា អង្គភាពរដ្ឋាភិបាលក្នុងតំបន់បានដាក់ចេញនូវការចាក់សោរយ៉ាងតឹងរ៉ឹងនៅក្នុងទីក្រុងម៉ានីល និងតំបន់ផ្សេងទៀតនៅទូទាំងប្រទេស ដែលមានក្រុមចម្លងមេរោគនេះ។

តំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំប្រទេសហ្វីលីពីនលោក Rabindra Abeyasinghe បានបញ្ជាក់ពីការចម្លងក្នុងសហគមន៍នៃទម្រង់ឆ្លងថ្មី Delta នៅក្នុងប្រទេសដោយលើកឡើងថា ទម្រង់ឆ្លងថ្មី ដែលបានរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា បានលេចធ្លោក្នុងការចម្លងរួចមកហើយនៅក្នុងប្រទេសហ្វីលីពីន៕ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top