ព័ត៌មានអន្តរជាតិ

ពួកតាលីបង់ ប្រាប់ទីក្រុងប៊ែកឡាំងថា ស្វាគមន៍ចំពោះក្រុមហ៊ុន និងជំនួយអាល្លឺម៉ង់

បរទេស៖មន្ត្រីនាំពាក្យរបស់ពួកតាលីបង់មួយរូប នៅថ្ងៃចន្ទនេះថា បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន Bild ថា ពួកតាលីបង់ នឹងស្វាគមន៍ចំពោះការវិនិយោគរបស់អាល្លឺម៉ង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងជំនួយក្នុងវិស័យនានា ដែលរួមមានទាំងជំនួយមនុស្សធម៌ វិស័យសុខាភិបាល វិស័យអប់រំ និងហេដ្ឋារចនាសម្ព័ន្ធ។

ពួកតាលីបង់ បានគ្រប់គ្រងអំណាចនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន កាលពីខែមុន ដោយសារតែការដកកងទ័ពបរទេស ក្រោយបេសកកម្មរយៈពេល២០ឆ្នាំ ហើយប្រទេសនេះ កំពុងតែប្រឈមមុខនឹងការធ្លាក់ចុះសេដ្ឋកិច្ចនិងវិបត្តិមនុស្សជាតិ ហើយម្ចាស់ជំនួយនិងរដ្ឋាភិបាលនានា កំពុងតែសម្លឹងរកផ្លូវដោះស្រាយជាមួយថ្នាក់ដឹកនាំថ្មី។

ប្រទេសអាល្លឺម៉ង់ បានធ្វើការងារជាមួយសហភាពអឺរ៉ុប ដើម្បីបើកដំណើរការឡើងវិញ នូវវត្តមានការទូតរបស់ខ្លួន នៅក្នុងទីក្រុងកាប៊ុល កំណត់លក្ខខណ្ឌសម្រាប់ការមិនបង្កកជំនួយអភិវឌ្ឍន៍ និងជំរុញពួកតាលីបង់ ឲ្យគោរពសិទ្ធិមនុស្ស ជាពិសេសនោះគឺសិទ្ធិរបស់ស្ត្រី។

តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន India News Republic នៅថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា នៅក្នុងបទសម្ភាសន៍មួយជាមួយកាសែត Bild ចេញនៅថ្ងៃចន្ទនេះ មន្ត្រីនាំពាក្យពួកតាលីបង់ លោក Zabifra Mujahid បាននិយាយថា “រដ្ឋាភិបាលអាល្លឺម៉ង់ អាចនឹងជំរុញលើកទឹកចិនសហគ្រិន ឲ្យចូលមកនិងវិនិយោគនៅក្នុងប្រទេសរបស់យើង”៕ប្រែសម្រួល៖ប៉ាង កុង

To Top