ព័ត៌មានអន្តរជាតិ

ក្រុមតាលីបង់ គ្រោងប្រកាសរដ្ឋាភិបាល អាហ្វហ្គានីស្ថានថ្មី ក្នុងពេលឆាប់ៗ (Video)

កាប៊ុល៖ អ្នកនាំពាក្យក្រុមតាលីបង់លោក Zabihullah Mujahid បានឲ្យដឹងថា រដ្ឋាភិបាលអាហ្វហ្គានីស្ថានថ្មីមួយ នឹងត្រូវប្រកាសនៅប៉ុន្មានថ្ងៃខាងមុខនេះ បន្ទាប់ពីបានបញ្ជាក់ថាក្រុមនេះបានកាន់កាប់ខេត្ដ Panjshir ដែលជាខេត្តតែមួយគត់ ដែលមិនស្ថិតនៅក្រៅការគ្រប់គ្រងរបស់តាលីបង់។

លោក Mujahid បានប្រាប់សន្និសីទសារព័ត៌មានមួយថា អាហ្វហ្គានីស្ថាន អាចបង្កើតរដ្ឋាភិបាលចាំផ្ទះ ខណៈការរៀបចំកំពុងដំណើរការដើម្បីប្រកាសរដ្ឋបាលថ្មី នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានលើកឡើងថា“ រដ្ឋបាលថ្មីអាចមានទម្រង់រដ្ឋាភិបាលចាំផ្ទះ។ វាជាការផ្តល់យោបល់វាអាចទៅរួចប្រសិនបើយើងមានរដ្ឋាភិបាលចាំផ្ទះដូច្នេះនឹងមានកន្លែង សម្រាប់នាំមកនូវការផ្លាស់ប្តូរឬកំណែទម្រង់ក្នុងក្របខ័ណ្ឌរដ្ឋាភិបាល” ។

ព័ត៌មានលម្អិត និងកាលបរិច្ឆេទនៃការបង្កើតរដ្ឋាភិបាលថ្មី នឹងត្រូវបានចែករំលែកក្នុងពេលឆាប់ៗនេះ ព្រោះនៅមានបញ្ហាបច្ចេកទេសមួយចំនួន។ អ្នកនាំពាក្យរូបនេះបានបន្ដថា“ វានៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ រដ្ឋាភិបាលថ្មីនឹងត្រូវប្រកាសក្នុងពេលឆាប់ៗនេះ” ។

ការប្រកាសនេះបានកើតឡើងបន្ទាប់ពីប្រភពតាលីបង់ខ្លះយល់ឃើញថា លោក មូលឡា អាប់ឌុលហ្គានី បារ៉ាដា ប្រធាននយោបាយ និងជាសហស្ថាបនិកតាលីបង់ នឹងដឹកនាំរដ្ឋាភិបាលថ្មី។

លោក Mujahid បានបន្ថែមថា រដ្ឋាភិបាលនឹងចូលរួមទាំងអស់គ្នា ហើយសម្តែងក្តីសង្ឃឹមថាប្រជាជនអាហ្វហ្គានីស្ថាន នឹងជួយក្នុងដំណើរផ្លាស់ប្តូរប្រទេស។

អ្នកនាំពាក្យរូបនេះបានបន្ថែមទៀតថា អតីតមន្រ្តីយោធាអាហ្វហ្គានីស្ថាន នឹងត្រូវបានអញ្ជើញឱ្យចូលរួមជាមួយនាយកដ្ឋានសន្តិសុខនៅក្នុងរដ្ឋាភិបាលថ្មីនេះ៕ដោយ ឈូក បូរ៉ា

To Top