ព័ត៌មានអន្តរជាតិ

អតីតឯកអគ្គរដ្ឋទូតអាមេរិកប្រចាំយូអិន បារម្ភខ្លាចចិន ចាប់យកមូលដ្ឋានយោធាទ័ពអាកាស Bagram នៅអាហ្វហ្គានីស្ថាន

បរទេស៖ អតីតឯកអគ្គរដ្ឋទូតរបស់លោកដូណាល់ត្រាំ ប្រចាំអង្គការសហប្រជាជាតិ បានសម្តែងការភ័យខ្លាចថា សាធារណរដ្ឋប្រជាមានិតចិន អាចនឹងចូល និងយកមូលដ្ឋានទ័ពអាកាស Bagram ដែលជាទីតាំងយុទ្ធសាស្ត្រយោធា ដែលធ្លាប់ជាស្នូលនៃការកាន់កាប់របស់ប្រទេសអាហ្វហ្កានីស្ថាន។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោកស្រី Haley ដែលបាននិយាយជាមួយ Fox Newsថា « យើងត្រូវមើលប្រទេសចិន ព្រោះខ្ញុំគិតថា អ្នកនឹងឃើញចិនធ្វើការផ្លាស់ប្តូរចូលមូលដ្ឋានទ័ពអាកាស Bagram ហើយខ្ញុំគិតថា ពួកគេក៏កំពុងផ្លាស់ប្តូរចូលអាហ្វហ្គានីស្ថានហើយព្យាយាមប្រើប៉ាគីស្ថាន ដើម្បីពង្រឹង ប្រឆាំងនឹងប្រទេស ឥណ្ឌា » ។

លោកស្រី Haley មិនបានបញ្ជាក់ពីរបៀបដែលប្រទេសចិនអាច“ ធ្វើការចាប់យក” មូលដ្ឋានទ័ពអាកាស Bagram ទេ។ ខណៈដែលប្រទេសចិន បានបន្តរក្សាវត្តមានការទូតរបស់ខ្លួននៅលើដីក្នុងប្រទេសអាហ្វហ្គានីស្ថាន បន្ទាប់ពីការដួលរលំរបស់រដ្ឋាភិបាលទីក្រុងកាប៊ុល គេមិនដឹងថាមានកងកម្លាំងយោធាណាមួយនៅទីនោះទេ។

លោកស្រី Haley ដែលបានលាលែងពីតំណែងជាឯកអគ្គរដ្ឋទូតប្រចាំនៅអង្គការសហប្រជាជាតិនៅចុងឆ្នាំ ២០១៨ ជុំវិញការមិនយល់ស្របជាមួយលោក Trump លើគោលនយោបាយដាក់ទណ្ឌកម្មរុស្ស៊ី បានសម្តែងការភ័យខ្លាចនៅក្នុងបទសម្ភាសន៍ជាមួយ Fox របស់លោកស្រីថា រួមជាមួយក្រុមភេរវករ គឺរដ្ឋាភិបាលទីក្រុងម៉ូស្គូ អាចមានភាពក្លាហានបន្ទាប់ពីសហរដ្ឋអាមេរិកដកខ្លួនចេញពីអាហ្វហ្គានីស្ថាន៕ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top