ព័ត៌មានអន្តរជាតិ

ពួកតាលីបង់​ បាញ់កាំភ្លើងឡើងលើដើម្បីបំបែកក្រុម អ្នកតវ៉ានៅក្នុងទីក្រុងកាប៊ុល

បរទេស៖ ពួកតាលីបង់ តាមសេចក្តីរាយការណ៍ បានបាញ់កាំភ្លើងឡើងលើដើម្បីបំបែកក្រុមអ្នកតវ៉ា នៅក្នុងរដ្ឋធានីនៃប្រទេសអាហ្វហ្គានីស្ថាន គឺទីក្រុងកាប៊ុល ស្របពេលមានវីដេអូបង្ហាញឲ្យឃើញមនុស្សជាច្រើន នាំគ្នារត់គេ ប៉ុន្តែនៅពេលភ្លាមៗនេះ មិនរបាយការណ៍អំពីអ្នករបួសនោះទេ។


មនុស្សប្រុសស្រីរាប់រយនាក់ ដែលស្រែកពាក្យស្លោកថា “សូមឲ្យមានការតស៊ូយូរអង្វែង” និងថា “ស្លាប់ចូរមានចំពោះប៉ាគីស្ថាន” បានដើរដង្ហែក្បួននៅតាមដងផ្លូវ ដើម្បីតវ៉ាប្រឆាំងនឹងពួកតាលីបង់ និងអ្វីដែលពួកគេថា ជាការជ្រៀតជ្រែកធ្វើឡើងដោយប៉ាគីស្ថាន ក្នុងកិច្ចការផ្ទៃក្នុងរបស់អាហ្វហ្គានីស្ថាន។


តាមសេចក្តីរាយការណ៍ ស្ត្រីម្នាក់ដែលភ័យស្លុនស្លោរជាខ្លាំងនៅតាមដងផ្លូវ បាននិយាយក្នុវីដេអូឃ្លីបដែលមានស្នូរកំាភ្លើងថា “រដ្ឋាភិបាលអ៊ីស្លាម កំពុងតែបាញ់ប្រជាជនទន់ខ្សោយ ហើយមនុស្សទាំងនេះ (ពួកតាលីបង់) គឺអយុត្តិធម៌ណាស់ និងពួកគេមិនមែនជាមនុស្សទាល់តែសោះ”។


គួរបញ្ជាក់ថា កាលពីថ្ងៃចន្ទ ពួកសកម្មប្រយុទ្ធឥស្លាម បានអះអាងជ័យជំនះ នៅក្នុងតំបន់ចុងក្រោយនៃប្រទេសអាហ្វហ្គានីស្ថាន ដែលនៅប្រឆាំងនឹងការគ្រប់គ្រងរបស់ខ្លួន ដោយធ្វើការប្រកាសអះអាងថា ការដណ្ដើមបានជ្រលងភ្នំ Panjshir គឺជាការបំពេញទាំងស្រុងនូវការកាន់កាប់របស់ពួកគេ៕
ប្រែសម្រួល៖ប៉ាង កុង

To Top