ព័ត៌មានអន្តរជាតិ

អាមេរិក ជប៉ុន និងកូរ៉េខាងត្បូង ត្រៀមសម្រាប់កិច្ចប្រជុំស្តីពីកូរ៉េខាងជើង

បរទេស៖ សហរដ្ឋអាមេរិក កូរ៉េខាងត្បូងនិងជប៉ុន នាពេលបច្ចុប្បន្ននេះ កំពុងតែត្រៀមរៀបចំសម្រាប់កិច្ចប្រជុំដែលអាចទៅរួច ដើម្បីធ្វើការដោះស្រាយជាផ្លូវការនូវបញ្ហាកូរ៉េខាងជើង ក្នុងទីក្រុងទីក្រុងតូក្យូ នាសប្ដាហ៍ក្រោយ នេះបើតាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន ក្យូដូ នៅថ្ងៃអង្គារនេះ។


ដោយសំអាងដល់ប្រភពជាច្រើននោះ ទីភ្នាក់ងារសារព័ត៌មាននេះ បាននិយាយថា ការត្រៀមរៀបចំនេះ គឺកំពុងត្រូវបានធ្វើឡើង សម្រាប់កិច្ចពិភាក្សាគ្នា រវាងប្រេសិតសហរដ្ឋអាមេរិកទទួលបន្ទុកកិច្ចការកូរ៉េខាងជើង លោក Sung Kim និងសមភាគីមកពីជប៉ុននិងកូរ៉េខាងត្បូង។


ទីភ្នាក់ងារសារព័ត៌មានជប៉ុន ក្យូដូ បាននិយាយថា ក្រុមមន្ត្រី នឹងពិភាក្សាគ្នាអំពីលទ្ធភាពនៃការប៉ុនប៉ងធ្វើឡើងដោយរដ្ឋបាលលោកប្រធានាធិបតីអាមេរិក ចូ បៃដិន ដើម្បីបើកកិច្ចពិភាក្សាជាមួយកូរ៉េខាងជើង ក្នុងការលុបបំបាត់ចោលអាវុធនុយក្លេអ៊ែ។


លោក Takehiro Funakoshi ជាអគ្គនាយកនៃការិយាល័យកិច្ចការតំបន់អាស៊ី និងអូសេអានីនៃក្រសួងការបរទេសជប៉ុន លោក Noh Kyu-duk តំណាងពិសេសនៃក្រសួងការបរទេសនៃប្រទេសកូរ៉េខាងត្បូង ទទួលបន្ទុកកិច្ចការសន្តិភាពនិងសន្តិសុខឧបទ្វីបកូរ៉េ នឹងចូលរួមនៅក្នុងកិច្ចពិភាក្សាគ្នានោះ៕


ប្រែសម្រួល៖ប៉ាង កុង

To Top