ព័ត៌មានអន្តរជាតិ

អាមេរិក ចាំបាច់ត្រូវពិនិត្យឡើងវិញនូវ គោលនយោបាយ លើកោះតៃវ៉ាន់ ខណៈចិន កំពុងព្យាយាម ត្រួតត្រាកោះនេះ

វ៉ាស៊ីនតោន ៖ អតីតមេបញ្ជាការបញ្ជាការ ប៉ាស៊ីហ្វិកអាមេរិកលោក ហារី ហារីស បានអំពាវនាវ ឱ្យទីក្រុងវ៉ាស៊ីនតោន វាយតម្លៃឡើងវិញ នូវគោលនយោបាយ យូរអង្វែងរបស់ខ្លួន ក្នុងការរក្សាការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះភាពមិនច្បាស់លាស់ នៃការការពារកោះតៃវ៉ាន់ ដោយព្រមានថា ប្រទេសចិនកំពុងព្យាយាម“ ត្រួតត្រា” កោះ ដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ ។

លោកហារីស ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកូរ៉េខាងត្បូងរហូតដល់ខែមករា បានឲ្យដឹង នៅក្នុងបទសម្ភាសន៍ថ្មីៗ នេះជាមួយសារព័ត៌មានក្យូដូ ដោយបានលើកឡើថា ប្រទេសចិន កំពុងស្វែងរកការត្រួតត្រាតៃវ៉ាន់” ដោយដាក់សម្ពាធលើទីក្រុងតៃប៉ិ។

រដ្ឋបាលសហរដ្ឋអាមេរិក របស់ប្រធានាធិបតីលោក ចូ បៃដិន បានទាមទារឱ្យចិន បញ្ឈប់ការគាបសង្កត់ផ្នែកយោធា ការទូត និងសេដ្ឋកិច្ច ប្រឆាំងតៃវ៉ាន់ ខណៈជួយដល់កោះ ប្រជាធិបតេយ្យក្នុងការរក្សា“ សមត្ថភាពការពារខ្លួនឯងឱ្យបានគ្រប់គ្រាន់” ដូចជាតាមរយៈការលក់អាវុធជាដើម។

ក្នុងពេលជាមួយគ្នានេះដែរ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានរក្សាជំហរមិនច្បាស់លាស់មួយទាក់ទង នឹងការប្រើប្រាស់កម្លាំងយោធា ដើម្បីឆ្លើយតបទៅ នឹងការវាយប្រហាររបស់ចិន ទៅលើកោះតៃវ៉ាន់ ដែលជាយុទ្ធសាស្ត្រ ដែលគេហៅថា“ ភាពមិនច្បាស់លាស់ជាយុទ្ធសាស្ត្រ” ។

ប៉ុន្តែលោកហារីស ដែលបានដឹកនាំ អស់រយៈពេល ៣ ឆ្នាំ រហូតដល់ឆ្នាំ ២០១៨ អ្វីដែលត្រូវបានគេស្គាល់ថា ជាបញ្ជាការ តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក របស់សហរដ្ឋអាមេរិក បានលើកឡើងថា “ យើងគួរតែពិចារណាឡើងវិញ អំពីគោលនយោបាយភាព មិនច្បាស់លាស់ យុទ្ធសាស្ត្រ ដែលមានជាយូរ មកហើយរបស់យើង” ។

លោកបានបន្ថែមដោយនិយាយពីសម្តី របស់លោកថា“ ប្រសិនបើនៅចុងបញ្ចប់ នៃការវាយតម្លៃឡើងវិញ យើងរក្សាគោល នយោបាយដដែល នោះជាការប្រសើរ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន ។

គោលនយោបាយភាពមិនច្បាស់លាស់ ជាយុទ្ធសាស្ត្រ ត្រូវបានអនុម័ត បន្ទាប់ពីទំនាក់ទំនងអាមេរិក-តៃវ៉ាន់ បានក្លាយជា“ មិនផ្លូវការ” នៅឆ្នាំ១៩៧៩ ដោយក្រុងវ៉ាស៊ីនតោន បានប្តូរការទទួល ស្គាល់ការទូតពីតៃប៉ិ ទៅប៉េកាំង ។

គោលនយោបាយនេះមានបំណង មិនត្រឹមតែរារាំងចិន ពីការប្រើកម្លាំងប្រឆាំងតៃវ៉ាន់ប៉ុណ្ណោះទេ ប៉ុន្តែក៏ ដើម្បីរារាំងតៃវ៉ាន់ ពីការស្វែងរកឯករាជ្យផងដែរ ព្រោះទីក្រុងប៉េកាំង និងតៃប៉ិ មិនអាចមានអារម្មណ៍ជាក់លាក់ អំពីអន្តរាគមន៍របស់អាមេរិក ដើម្បីការពារតៃវ៉ាន់ ប្រសិនបើមានជម្លោះកើតឡើង។

លោក ហារីស បានលើកឡើងថា សហរដ្ឋអាមេរិក គួរតែច្បាស់ជាងមុននូវអ្វី ដែលជាការទទួលខុសត្រូវ របស់យើង ក្រោមច្បាប់ទំនាក់ទំនងតៃវ៉ាន់ ដែលជាច្បាប់ មួយ របស់សហរដ្ឋអាមេរិក ដែលគ្រប់គ្រងទំនាក់ទំនងក្រៅផ្លូវការ ជាមួយតៃវ៉ាន់ ដោយកត់សម្គាល់ថា ក្រុងវ៉ាស៊ីនតោន មិនមានភាព ស៊ីចង្វាក់គ្នា ជាពិសេស លើការលក់អាវុធរបស់ខ្លួនទៅឱ្យតៃវ៉ាន់ ៕

ដោយ ឈូក បូរ៉ា

To Top
×