ព័ត៌មានអន្តរជាតិ

មន្ត្រីជាន់ខ្ពស់ថៃ ព្រមានពីការរិះគន់ ដោយគ្មានមូលដ្ឋាន ទៅលើវ៉ាក់សាំង ការពារជំងឺកូវីដ-១៩ Sinovac

បាងកក ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ថា សារព័ត៌មានថៃ បានដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់ក្នុងស្រុកម្នាក់ដែលបានលើកឡើង កាលពីថ្ងៃច័ន្ទថា ព័ត៌មានក្លែងក្លាយស្តីពីវ៉ាក់សាំង Sinovac អាចបង្កអន្តរាយដល់ទំនាក់ទំនង រវាងថៃឡង់ដ៏ និងចិន ។

ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីការបរទេសថៃឡង់ដ៏ លោក Don Pramudwinai ត្រូវបានដកស្រង់សម្តីនៅក្នុងកាសែត ជាភាសាចិន ឈ្មោះ Shijie Ribao ក្រុមបក្សប្រឆាំងបានប្រើព័ត៌មាន មិនត្រឹមត្រូវអំពីគុណភាពវ៉ាក់សាំង Sinovac ថាជាការបំភ្លៃការពិតដើម្បីបម្រើគោល បំណងនយោបាយតែប៉ុណ្ណោះ ។

រដ្ឋមន្ត្រីរូបនេះបានថ្លែងថា “ការរិះគន់ទៅ លើវ៉ាក់សាំង Sinovac មិនត្រឹមតែបំភ្លៃការពិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យប៉ះពាល់ដល់ទំនាក់ ទំនងមិត្តភាពរវាងថៃឡង់ដ៏ និងចិនផងដែរ ” ។

លោក Don បានថ្លែងថា “វ៉ាក់សាំង Sinovac ត្រូវបានផ្តល់ដោយអង្គការសុខភាពពិភពលោក និងប្រទេសចំនួន៣៩ផ្សេងទៀតនៅជុំវិញពិភពលោក” ។ ប្រទេសចិន មានសមត្ថភាព ផលិតវ៉ាក់សាំង បានយ៉ាងឆាប់រហ័ស និងបានជួយប្រទេសជាច្រើនរួម ទាំងថៃឡង់ដ៏ យកឈ្នះដំណាក់កាលដំបូង នៃការរីករាលដាល នៃជំងឺរាតត្បាតតាមរយៈការផ្តល់វ៉ាក់សាំងនេះ” ។

លោកបានបន្ថែមថា ដោយមានមនុស្សរាប់រយលាននាក់ កំពុងចាក់វ៉ាក់សាំងនៅទូទាំងពិភពលោក វ៉ាក់សាំង Sinovac បានបង្ហាញពីប្រសិទ្ធភាព ក្នុងការការពារការឆ្លងជំងឺកូវីដ-១៩ ដោយមិនមានផលប៉ះពាល់តិច តួចឬគ្មាននោះទេ ។

លោក Don បានកត់សម្គាល់បន្ថែមទៀតថា រដ្ឋាភិបាលថៃ ក៏បានគិតគូរពីសុវត្ថិភាពខ្ពស់ ជាលក្ខណៈវិនិច្ឆ័យសំខាន់មួយ ក្នុងការជ្រើសរើស ព្រោះវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាច្រើនកំពុងស្ថិតក្នុងដំណាក់កាលពិសោធន៍ និងប្រើសម្រាប់គ្រាអាសន្ន ប៉ុណ្ណោះ ៕
ប្រែសម្រួលដោយ៖ម៉ៅ បុប្ផាមករា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top