ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអាមេរិក៖ជើងយន្តហោះអាហ្វហ្គានីស្ថាន ត្រូវបានផ្អាក ដោយសារ រឿងឯកសារធ្វើដំណើរ មិនមែនជារឿង ចំណាប់ខ្មាំងទេ

បរទេស៖រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken បានច្រានចោលការយល់ឃើញថា ពួកតាលីបង់ កំពុងតែឃាត់ខ្លួនជនជាតិអាមេរិក នៅលើជើងយន្តហោះដែលត្រូវឲ្យផ្អាកការហោះហើរ ក្នុងប្រទេសអាហ្វហ្គានីស្ថានភាគខាងជើង ទុកធ្វើជាចំណាប់ខ្មាំង ប៉ុន្តែលោកបាននិយាយថា យន្តហោះកំពុងត្រូវបានរារាំងមិនឲ្យចាកចេញ ដោយសារតែអ្នកដំណើរមួយចំនួន ខ្វះឯកសារធ្វើដំណើរត្រឹមត្រូវ។

នៅក្នុងទីក្រុងដូហា ប្រទេសកាតា លោករដ្ឋមន្ត្រីការបរទេសអាមេរិក បាននិយាយប្រាប់អ្នកសារព័ត៌មាន នៅក្នុងអំឡុងសន្និសីទកាសែតមួយថា ពួកគេបានកំណត់អត្តសញ្ញាណពលរដ្ឋអាមេរិកមួយចំនួនតូច ដែលកំពុងតែស្វះស្វែងធ្វើដំណើរចេញពីអាកាសយានដ្ឋាន Mazar-e-Sharif ជាមួយគ្រួសាររបស់ពួកគេ ប៉ុន្តែមិនអាចចាកចេញ ព្រោះតែអ្នកខ្លះនៅលើយន្តហោះនោះ ខ្វះឯកសារធ្វើដំណើរ។

លោក Antony Blinken បានមានប្រសាសន៍យ៉ាងដូច្នេះថា “តាមដែលយើងដឹង គឺមានក្រុមមនុស្សនៅរួមជាមួយគ្នា ហើយពួកគេខ្លះ មានឯកសារធ្វើដំណើរគ្រប់គ្រាន់ ដូចជាលិខិតឆ្លងដែនអាមេរិក ប័ណ្ណបៃតង ទិដ្ឋាការ តែខ្លះមិនមាននោះទេ”។

តាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា លោកបានមានប្រសាសន៍បន្តថា ពួកតាលីបង់ បានបដិសេធមិនឲ្យចាកចេញ ចំពោះតែបុគ្គលដែលមិនមានឯកសារធ្វើដំណើរត្រឹមត្រូវប៉ុណ្ណោះ តែជាបញ្ហាគឺពួកគេនៅជាក្រុមរួមជាមួយអ្នកដែលមានឯកសារត្រឹមត្រូវ៕ប្រែសម្រួល៖ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top