ព័ត៌មានអន្តរជាតិ

អាមេរិក នឹងពិភាក្សាអំពីបញ្ហាអ៊ីរ៉ង់ នៅក្នុងកិច្ចពិភាក្សា នៅទីក្រុងមូស្គូ និងប៉ារីស

បរទេស៖ប្រេសិតពិសេសទទួលបន្ទុកកិច្ចការអ៊ីរ៉ង់ លោក Robert Malley នឹងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូ និងទីក្រុងប៉ារីស នៅក្នុងសប្ដាហ៍នេះ ដើម្បីធ្វើកិច្ចពិភាក្សាគ្នាជាមួយរុស្សី និងមន្ត្រីអឺរ៉ុប ស្តីពីរឿងកម្មវិធីនុយក្លេអ៊ែរបស់ប្រទេសអ៊ីរ៉ង់ នេះបើតាមសេចក្តីប្រកាសមួយរបស់ក្រសួងការបរទេសអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ។

សេចក្តីប្រកាសរបស់ក្រសួងការបរទេសអាមេរិកនោះ បាននិយាយថា កិច្ចពិភាក្សាគ្នានេះ នឹងនិយាយអំពីកម្មវិធីនុយក្លេអ៊ែអ៊ីរ៉ង់ និងភាពចាំបាច់ដើម្បីសម្រេចឲ្យបានលឿននិងអនុវត្តការយោគយល់គ្នា ស្តីពីវិលអនុវត្តតាមកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥។

និយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ មន្ត្រីអាមេរិកមួយរូប បានប្រាប់ថា លោក Malley ត្រូវបានគេរំពឹងថា នឹងជួបពិភាក្សាគ្នាជាមួយមន្ត្រីរុស្ស៊ី នៅក្នុងទីក្រុងមូស្គូ នៅថ្ងៃពុធនិងថ្ងៃព្រហស្បតិ៍ ហើយនឹងពិភាក្សាគ្នាជាមួយមន្ត្រីមកពីអង់គ្លេស បារាំង អាល្លឺម៉ង់ និងសហភាពអឺរ៉ូប នៅក្នុងទីក្រុងប៉ារីស នាថ្ងៃសុក្រ។

គួរបញ្ជាក់ថា អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានដកអាមេរិកពីកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥ ដែលស្ថិតក្រោមកិច្ចព្រមព្រៀងនោះ ប្រទេសអ៊ីរ៉ង់បានយល់ព្រមកម្រិតសកម្មភាពនុយក្លេអ៊ែរបស់ខ្លួន ដើម្បីជាថ្នូរនៃការលើកលែងទណ្ឌកម្ម៕ប្រែសម្រួល៖ប៉ាង កុង


បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top