ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាល អាហ្វហ្គានីស្ថានថ្មី របស់ពួកតាលីបង់ ទទួលបានការស្វាគមន៍ ពីចិន និងជប៉ុន

បរទេស៖ ប្រទេសចិន និងប្រទេសជប៉ុន នៅថ្ងៃពុធនេះ បានផ្តល់ការស្វាគមន៍ យ៉ាងកក់ក្តៅ ចំពោះការបង្កើត រដ្ឋាភិបាលបណ្ដោះអាសន្ន របស់ពួកតាលីបង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្រោយសកម្មប្រយុទ្ធឥស្លាមនេះ បានដណ្ដើមកាន់កាប់ ទីក្រុងកាប៊ុលយ៉ាងលឿន កាលពីខែមុន។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន Yahoo News នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា ថ្នាក់ដឹកនាំពួកតាលីបង់ បានកាន់កាប់តំណែងកំពូលៗទាំងអស់ នៅក្នុងរដ្ឋាភិបាលថ្មីនោះ ដោយគ្មានទុកកន្លែង សម្រាប់អ្នកក្រៅ ឬក៏ស្ត្រីនោះឡើយ។

មន្ត្រីនាំពាក្យ នៃក្រសួងការបរទេសចិន លោក Wang Wenbin បាននិយាយនៅក្នុងទីក្រុងប៉េកាំងថា ប្រទេសចិន បានមើលឃើញការបង្កើតរដ្ឋាភិបាលថ្មី នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន គឺជាវិធានការចាំបាច់ ឆ្ពោះទៅរកការកសាង ប្រទេសឡើងវិញ។
ចំណែកនៅក្នុងទីក្រុងតូក្យូ មន្ត្រីជាន់ខ្ពស់មួយរូប បាននិយាយថា ប្រទេសជប៉ុន កំពុងតែឃ្លាំមើលសកម្មភាព របស់ពួកតាលីបង់ ហើយនឹងរក្សាបន្តសហប្រតិបត្តិការ ជាមួយសហរដ្ឋអាមេរិកនិងប្រទេសដទៃ ទន្ទឹមនឹងការបង្ហាញ នូវក្តីព្រួយបារម្ភ ជុំវិញបញ្ហាសុវត្ថិភាព ពលរដ្ឋនៅអាហ្វហ្គានីស្ថាន៕ ប្រែសម្រួល៖ប៉ាង កុង

To Top