បរទេស៖ ទីក្រុងហូជីមិញ កំពុងពិនិត្យមើលគម្រោងអនុញ្ញាតបៃតង សម្រាប់អ្នកបានចាក់វ៉ាក់សាំង ដែលនឹងអនុញ្ញាតឱ្យបើកអាជីវកម្ម និងសេវាកម្មឡើងវិញ បន្ទាប់ពីខែកញ្ញា។ នេះបើយោងតាមគណៈកម្មាធិការ ប្រជាជនក្រុង។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Phan Van Mai ប្រធានគណៈកម្មាធិការប្រជាជន ទីក្រុងហូជីមិញ នៅថ្ងៃអង្គារនេះបាននិយាយថា ការិយាល័យ សេវាកម្ម សកម្មភាពដឹកជញ្ជូន និងសកម្មភាពសេដ្ឋកិច្ច អាចដំណើរការឡើងវិញ បានក្រោយថ្ងៃទី១៥ ខែកញ្ញា ប្រសិនបើវិធានការសុវត្ថិភាព ត្រូវបានធានា។
លោក Phan Van Mai បាននិយាយថា « តម្រូវការសុវត្ថិភាពគឺថា ប្រជាជន ត្រូវតែចាក់វ៉ាក់សាំងបង្ការវីរុស ហើយលោកសង្ឃឹមថា រដ្ឋាភិបាលនឹងផ្តល់វ៉ាក់សាំង ការពារជំងឺកូវីដ -១៩ បន្ថែមទៀតសម្រាប់ទីក្រុង ដើម្បីការពារប្រជាជនបង្កើតភាពសាំ ឱ្យបានពេញលេញ។
លោក Duong Anh Duc អនុប្រធានគណៈកម្មាធិការ ប្រជាជនក្រុងបានបញ្ជាក់ថា ការចាក់វ៉ាក់សាំង គឺជាអាទិភាពចំបងនៅពេលនេះ។ ប្រសិនបើ «ការអនុញ្ញាតបៃតង សម្រាប់អ្នកបានចាក់វ៉ាក់សាំង» ត្រូវបានសំរេចឡើងនោះ ទីក្រុងនេះ នឹងត្រូវចាក់ថ្នាំបង្ការរោគ ដល់ប្រជាជនមុនពេលបើកដំណើរការឡើងវិញ។ លោកបន្ថែមថា អ្នកដែលបានទទួលវ៉ាក់សាំងការពារ Covid-19 យ៉ាងហោចណាស់មួយដង នឹងជួបការរឹតត្បិតមេរោគតិចជាងមុន៕ ប្រែសម្រួលៈ ណៃ តុលា
