ព័ត៌មានអន្តរជាតិ

អតីតអ្នកបកប្រែ ឱ្យកងកម្លាំងអង់គ្លេស៖ សូមកុំទុកឱ្យយើង នៅជាមួយ ក្តីអាណិតអាសូរ របស់ពួកតាលីបង់

បរទេស៖ អតីតអ្នកបកប្រែម្នាក់ ឱ្យកងកម្លាំងអង់គ្លេស នៅប្រទេសអាហ្វហ្គានីស្ថាន ដែលព្យាយាមរត់ភៀសខ្លួន ចេញពីប្រទេសនេះ ជាមួយគ្រួសាររបស់គាត់ បានឆ្លើយតបទៅនាយករដ្ឋមន្ត្រីថា “សូមកុំទុកយើង នៅជាមួយក្តីអាណិតអាសូរ ពីពួកតាលីបង់” ។

យោងតាមសារព័ត៌មាន Daily Mail ចេញផ្សាយនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា បុរសដែលមានអាយុខ្ទង់ ៣០ ឆ្នាំរូបនេះបាននិយាយថា គាត់កំពុងលាក់ខ្លួន ជាមួយប្រពន្ធនិងកូន ៗ របស់គាត់ ហើយកំពុងរង់ចាំ អ្នកមកជួយពួកគេ ឱ្យរត់គេចខ្លួន ឆ្លងកាត់ព្រំដែន។

បុរសដែលទីភ្នាក់ងារព័ត៌មាន PA មិនបានកំណត់អត្តសញ្ញាណ ដើម្បីហេតុផលសុវត្ថិភាពរបស់គាត់ គឺបានបម្រើការជាមួយកងកម្លាំង ចក្រភពអង់គ្លេសនៅខេត្ត Helmand ប្រទេសអាហ្វហ្គានីស្ថាន អស់រយៈពេលជាង ៤ ឆ្នាំមកហើយ ដែលគាត់បានឃើញទាហាន និងអ្នកបកប្រែផ្សេងទៀត ត្រូវស្លាប់ឬរបួស។

លោកថា « ជារៀងរាល់ថ្ងៃយើងមានស្ថានភាព អាក្រក់ខ្លាំងណាស់, ជារៀងរាល់ថ្ងៃយើងមានអ្នកស្លាប់, ជារៀងរាល់ថ្ងៃ យើងរបួស។ ពួកគេបានសម្លាប់ ទាហានជាច្រើននាក់។ នៅក្នុងការផ្ទុះគ្រាប់បែកមួយ គឺខ្ញុំបានបាត់បង់មិត្តភក្តិរបស់ខ្ញុំម្នាក់ មកពីកងកម្លាំងចក្រភពអង់គ្លេស»។

លោកបានបន្ថែមថា « តាលីបង់បានដាក់ IED ជាច្រើន (ឧបករណ៍បំផ្ទុះគ្រាប់បែកកែច្នៃ) នៅតាមផ្លូវ ខណៈពេលដែលយើងកំពុងល្បាត ហើយពួកគេ បានវាយប្រហារយើង។ ពួកគេបានបាញ់មកលើយើង ចេញពីផ្ទះប្រជាជនក្នុងតំបន់»៕ ប្រែសម្រួលៈ ណៃ តុលា

To Top