ប៉េកាំង៖ ប្រទេសចិន បានសម្រេចចិត្តផ្តល់ជាបន្ទាន់នូវទឹកប្រាក់ចំនួន ២០០ លានយ័ន (៣០,៩៦ លានដុល្លារ) នូវគ្រាប់ធញ្ញជាតិការផ្គត់ផ្គង់រដូវរងា ថ្នាំបង្ការ និងថ្នាំដល់អាហ្វហ្គានីស្ថាន តាមតម្រូវការរបស់ប្រជាជនអាហ្វហ្គានីស្ថាន។
ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាង យី បានធ្វើសេចក្តីប្រកាសនេះនៅថ្ងៃពុធនៅពេលចូលរួមកិច្ចប្រជុំលើកដំបូងនៃរដ្ឋមន្រ្តីការបរទេសនៃប្រទេសជិតខាងអាហ្វហ្គានីស្ថាននៅទីក្រុងប៉េកាំង តាមរយៈវីដេអូភ្ជាប់។
លោកវ៉ាង យី បានលើកឡើងថា ប្រទេសចិនបានសម្រេចចិត្តបរិច្ចាគវ៉ាក់សាំងចំនួន ៣ លានដូស ដល់ប្រជាជនអាហ្វហ្គានីស្ថាន នៅក្នុងក្រុមទី១ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។
ប្រទេសចិនក៏បានត្រៀមខ្លួនផងដែរក្នុងការផ្តល់នូវសម្ភារៈប្រឆាំងនឹងការរីករាលដាល និងសង្គ្រោះបន្ទាន់បន្ថែមទៀតដល់អាហ្វហ្គានីស្ថាន ក្រោមទុនបំរុងផ្គត់ផ្គង់គ្រាអាសន្ននៃប្រទេសចិន និងបណ្ដាប្រទេសអាស៊ីខាងត្បូង។
គួរបញ្ជាក់ថា អាមេរិក បានដកខ្លួនចេញពីអាហ្វហ្គានីស្ថាន ដោយទុកឲ្យក្រុមតាលីបង់ ទទួលបានអំណាចពេញលេញ បង្កជាវិបត្ដិមនុស្សធម៌យ៉ាងធ្ងន់ធ្ងរ ដោយឃើញឱកាសល្អ ចិន បានចូលខ្លួនទៅលួងលោម អាហ្វហ្គានីស្ថាន ទាំងការទូត និងជំនួយជាបន្ដបន្ទាប់៕
ដោយ ឈូក បូរ៉ា