ព័ត៌មានអន្តរជាតិ

គំនិតផ្តួមផ្តើម «ខ្សែក្រវាត់ និងផ្លូវ» បាននិងកំពុងក្លាយជា សរសៃឈាមថ្មីនៃសេដ្ឋកិច្ចពិភពលោក

គិតពីខែកញ្ញាឆ្នាំ២០១៣ មកទល់បច្ចុប្បន្ននេះ គំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ដែលលើកឡើងដោយលោក ស៊ី ជីនភីង ប្រធានរដ្ឋចិនបានគម្រប់ ៨ ឆ្នាំហើយ ។ ក្នុងរយៈពេល ៨ ឆ្នាំកន្លងទៅនេះ គំនិតផ្តួចផ្តើមនេះបានវិវត្តន៍ទៅរក ភាពចាស់ទុំពីមួយថ្ងៃទៅមួយថ្ងៃ ដែលមានវិសាលភាព និងឥទ្ធិពលយ៉ាងទូលំទូលាយ ពោលគឺបាននិងកំពុងក្លាយជា សរសៃឈាមថ្មីនៃសេដ្ឋកិច្ចពិភពលោក ។

គំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» នេះគឺឈរលើមូលដ្ឋាន នៃផ្លូវសូត្រពាណិជ្ជកម្មតាមផ្លូវគោកបុរាណ និងផ្លូវសូត្រពាណិជ្ជកម្ម តាមផ្លូវសមុទ្របុរាណ ។ ក្នុងនោះ ផ្លូវសូត្រពាណិជ្ជកម្មតាមផ្លូវគោកបុរាណត្រូវបាន បង្កើតឡើងកាលពីជាង ២ ពាន់ឆ្នាំមុន មានប្រភពចេញពីក្រុងស៊ីអានប្រទេសចិនឆ្លងកាត់ប្រទេសជាច្រើន នៅអាស៊ីកណ្តាល និងអាស៊ីបូព៌ារហូតទៅដល់ឧបទ្វីបអ៊ីតាលីនាសម័យបុរាណ ដែលមានប្រវែងសរុប ៦៤៤០ គីឡូម៉ែត្រ។ ចំណែកឯផ្លូវសូត្រពាណិជ្ជកម្មតាមផ្លូវទឹកបុរាណវិញ ក៏មានអាយុកាលជាង ២ ពាន់ឆ្នាំដែរ ដោយផ្តើមដំណើរពីទីក្រុងកំពង់ផែមួយចំនួនរបស់ប្រទេសចិន ដូចជាក្វាំងចូវ ឈាន់ចូវ នីងប៉ និងយ៉ាងចូវជាដើមទៅកាន់សមុទ្រអារ៉ាប់ រហូតដល់ឆ្នេរខាងកើត នៃទ្វីបអាហ្វ្រិក ។

យើងងាកមកមើលពី «ខ្សែក្រវាត់និងផ្លូវ» ដែលជាពាក្យហៅកាត់នៃ «ខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ»និង «ផ្លូវសូត្រសមុទ្រប្រចាំសតវត្សរ៍ទី ២១» នាសម័យបច្ចុប្បន្នវិញ គឺមានវិសាលភាពកាន់តែធំទូលាយ និងទទួលបានការទទួលស្គាល់ និងចូលរួមពីសំណាក់ប្រទេស និងតំបន់ជាដៃគូយ៉ាងច្រើនដើម្បីរួមគ្នាចែករំលែក ពីសមិទ្ធផលនៃការរួមគ្នាកសាង រួមគ្នាអភិវឌ្ឍ ក្នុងន័យសម្រេចបាននូវវិបុលភាពរួមដែលជា បំណងប្រាថ្នានៃប្រជាជន ទូទាំងពិភពលោក ។   

គិតត្រឹមចុងខែមករាឆ្នាំ ២០២១ នេះ មានប្រទេសចំនួន១៤០ និងអង្គការអន្តរជាតិចំនួន ៣១ បានចុះហត្ថលេខាលើឯកសារ សហប្រតិបត្តិការស្តីពីការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ»ចំនួន ២០៥ ឯកសារជាមួយប្រទេសចិន ដែលសបង្ហាញថាគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» បានក្លាយជាវេទិកាសហប្រតិបត្តិការអន្តរជាតិ ដ៏ធំបំផុតនៅលើពិភពលោក ។

អ្វីដែលគួររំលឹកគឺថា តាមរយៈការជំរុញនៃគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» អាស៊ានបានក្លាយជាដៃគូពាណិជ្ជកម្មធំទីមួយរបស់ ប្រទេសចិននៅឆ្នាំ២០២០ ។ ដោយឡែកនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២១ នេះ តាមទិន្នន័យរបស់ ក្រសួងពាណិជ្ជកម្មចិនបង្ហាញថា ប្រទេសអាស៊ានជាគោលដៅវិនិយោគសំខាន់បំផុត នៃការបណ្តាក់ទុននៅ ក្រៅប្រទេសរបស់ប្រទេសចិន ។ គិតត្រឹមចុងខែមិថុនានេះ ទំហំវិនិយោគទៅវិញទៅមក រវាងចិន និងអាស៊ានសរុបលើសពី ៣១០ ប៊ីលានដុល្លារអាមេរិក ចំណែកឯទំហំកិច្ចសហប្រតិបត្តិការ ផ្នែកម៉ៅការខាងវិស្វកម្ម របស់សហគ្រាសចិននៅប្រទេសអាស៊ានសរុបជិត ៣៥០ប៊ីលានដុល្លារអាមេរិក ។

កម្ពុជាជាប្រទេសមួយ ក្នុងចំណោមប្រទេសដែលចូលរួមកសាង «ខ្សែក្រវាត់និងផ្លូវ» ដំបូងគេ ហើយអ្វីដែលយើងឃើញ ជាក់នឹងភ្នែកគឺកម្ពុជាទទួលបាន សមិទ្ធផលជាច្រើនពីគំនិតផ្តួចផ្តើមនេះ ។ វិស័យចម្បងជាច្រើនជាពិសេស គឺវិស័យហេដ្ឋារចនាសម្ព័ន្ធ ដែលមានគម្រោងធំៗដូចជាផ្លូវល្បឿនលឿនពីរាជធានីភ្នំពេញ ទៅខេត្តព្រះសីហនុ កីឡដ្ឋានជាតិមរតកតេជោ និងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីជាដើម ដែលជាគម្រោងជំនួយ ឬគម្រោងសហប្រតិបត្តិការក្រោមគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» បានលេចចេញជារូបរាង ជាបន្តបន្ទាប់នៅលើទឹកដីកម្ពុជា ។

ពិសេសក្រោយពីប្រទេសទាំងពីរ កម្ពុជានិងចិន បានសន្មតគ្នាជា «មិត្តដែកថែប»មក កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ មានភាពកាន់តែស្អិតល្មួត ចំណែកឯគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ»បានដើរតួនាទីជាកម្លាំងចលករ ដែលស៊ីចង្វាក់គ្នាជាមួយ «យុទ្ធសាស្ត្រចតុកោណ» របស់កម្ពុជា ។ តាមរយៈទិន្នន័យស្តីពី ទំហំពាណិជ្ជកម្មទ្វេភាគី ដែលកើនឡើងជាបន្តបន្ទាប់យើងមិនពិបាកមើលឃើញទេថា ប្រទេសទាំងពីរជាដៃគូសហប្រតិបត្តិការ ដែលមានអំណោយផលពីធម្មជាតិ ។

ក្រៅពីកម្ពុជាដែលទទួលបានផល ជាក់ស្តែងជាបន្តបន្ទាប់ពីគំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» បណ្តាប្រទេសជាដៃគូដទៃទៀត លើពិភពលោកក៏ទទួលបាន ផលទៅវិញទៅមកតាមរយៈការរួមគ្នាកសាង «ខ្សែក្រវាត់និងផ្លូវ»ផងដែរ ។ ពិសេសគឺប្រទេសកំពុងអភិវឌ្ឍន៍ ដែលបានតភ្ជាប់គោលនយោបាយឬយុទ្ធសាស្ត្រជាតិ របស់ខ្លួនជាមួយគំនិតផ្តួចផ្តើមនេះ សុទ្ធសឹងតែទទួលបានសមិទ្ធផលលើវិស័យជាច្រើន ដើម្បីអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ។

គំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ប្រកាន់ខ្ជាប់ទស្សនៈ «ធ្វើកិច្ចសហប្រតិបត្តិការ បើកទូលាយនិងបរិយាប័ន្ន រៀនសូត្រពីគ្នា ផ្តល់ផលប្រយោជន៍ ទៅវិញទៅមកនិងឈ្នះ-ឈ្នះ» ព្រមទាំងគោលការណ៍រួមគ្នាពិភាក្សា ចែករំលែកជាមួយគ្នា និងរួមគ្នាកសាង ។ អាស្រ័យហេតុនេះ ស្របនឹងការតភ្ជាប់លើគ្រប់វិស័យរវាងប្រទេសចិន ជាមួយប្រទេសជាដៃគូ ក៏បានតភ្ជាប់ដួងចិត្តរវាងប្រជាជននៃប្រទេសនានាផងដែរ ។ អាចនិយាយបានថា ក្រៅពីជាសរសៃឈាមថ្មីនៃសេដ្ឋកិច្ចពិភពលោក គំនិតផ្តួចផ្តើម «ខ្សែក្រវាត់និងផ្លូវ» ក៏ជាខ្សែក្រវាត់សម្រាប់ រឹតចំណងមិត្តភាពរវាងប្រទេសចិនជាមួយប្រជាជន ទូទាំងពិភពលោក ដើម្បីឆ្ពោះទៅសម្រេចគោលដៅរួមគ្នាកសាងសហគមន៍រួម វាសនាតែមួយរបស់មនុស្សជាតិ ៕

ដោយ៖ តាំង ស៊ីឡេង ជាបុគ្គលិកនៃ វិទ្យុមិត្តភាពកម្ពុជា-ចិន

To Top