ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាល បណ្ដោះអាសន្នរបស់ ពួកតាលីបង់ យល់ព្រមឲ្យជនបរទេសចាកចេញ ពីអាហ្វហ្គានីស្ថាន

បរទេស៖មន្ត្រីអាមេរិកមួយរូប បាននិយាយប្រាប់ថា ជនជាតិអាមេរិកនិងជនបរទេសចំនួន២០០នាក់ ដែលនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន គ្រោងនឹងធ្វើដំណើរចាកចេញពីប្រទេស តាមជើងហោះហើរពីទីក្រុងកាប៊ុល នៅថ្ងៃព្រហស្បតិ៍ ក្រោយរដ្ឋាភិបាលតាលីបង់ថ្មី បានយល់ព្រមចំពោះការជម្លៀសពួកគេ។

តាមសេចក្តីរាយការណ៍ ការធ្វើដំណើរចាកចេញនោះ នឹងត្រូវធ្វើឡើងនៅក្នុងចំណោមជើងហោះហើរអន្តរជាតិដំបូង ពីអាកាសយានដ្ឋានទីក្រុងកាប៊ុល ចាប់តាំងពីសកម្មប្រយុទ្ធឥស្លាម បានដណ្ដើមរដ្ឋធានី កាលពីពាក់កណ្ដាលខែសីហាមក ជំរុញការជម្លៀសជនបរទេសនិងជនជាតិអាហ្វហ្គានីស្ថានងាយរងគ្រោះចំនួន១២៤.០០០នាក់។

ការយល់ព្រមឲ្យចាកចេញនោះ គឺត្រូវបានធ្វើឡើងក្រោយពេល២ថ្ងៃ បន្ទាប់ពីពួកតាលីបង់ប្រកាសរដ្ឋាភិបាលបណ្ដោះអាសន្នមួយ ដែលបង្កើតឡើងជាចម្បងពីក្រុមជនជាតិភាគតិច Pashtun រួមមានទាំងជនសង្ស័យបង្កភេរវកម្ម និងអ្នកកាន់សាសនាឥស្លាមខ្លាំងក្លា។

គួរបញ្ជាក់ថា ការប្រកាសរដ្ឋាភិបាលថ្មីរបស់ពួកតាលីបង់កាលពីថ្ងៃអង្គារ ត្រូវបានគេមើលឃើញយ៉ាងច្បាស់ឡើងថា ជាសញ្ញាមួយ ដែលពួកគេមិនសម្លេងពង្រីកមូលដ្ឋាន និងបង្ហាញពីការប្រឈមមុខដោយអត់ធ្មត់ខ្លាំងឡើង ចំពោះពិភពលោក ដូចដែលពួកគេបានលើកឡើងនៅមុនពេលដណ្ដើមកាន់កាប់បានថា ពួកគេនឹងធ្វើ៕ប្រែសម្រួល៖ប៉ាង កុង

To Top