បរទេស ៖ ក្រសួងសុខាភិបាលថៃ បានប្រកាសនៅព្រឹក ថ្ងៃអាទិត្យនេះថា ប្រទេសថៃ បានរកឃើញករណីថ្មី នៃជំងឺកូវីដ ១៩ ចំនួន ១៤ ០២៩ ករណី និងមានអ្នកស្លាប់ចំនួន ១៨១ នាក់បន្ថែមទៀត ក្នុងរយៈពេល ២៤ ម៉ោងមុននេះ ។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងចំណោមករណីឆ្លងវីរុស ដែលបានរកឃើញថ្មីទាំងនោះ គឺមានករណីចំនួន ១៣ ៧៥៣ រកឃើញនៅក្នុងចំណោម ប្រជាជនទូទៅ និង ២៧៦ ករណី ក្នុងចំណោមអ្នកទោស ក្នុងពន្ធនាគារ ។
កាលពីថ្ងៃសៅរ៍ ថៃ ក៏មានអ្នកជំងឺកូវីដ ១៩ ចំនួន ១៥ ៧៤២ នាក់ ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបន្ទាប់ពីជាសះស្បើយពីជំងឺកូរ៉ូណា។
ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើមកាលពីដើមឆ្នាំមុន មានករណីឆ្លងជំងឺកូវីដ ១៩ ចំនួន ១ ៣៨២ ១៧៣ ករណី ដោយមានអ្នកជាសះស្បើយសរុបចំនួន ១ ២៣២ ០៧៣ នាក់។
ចំនួនអ្នកស្លាប់មានចំនួន ១៤ ២៥៩ នាក់ ក្នុងកំឡុងពេលរលកទី ៣ និង ១៤ ៣៥៣ នាក់ចាប់តាំងពីការផ្ទុះឡើងនៃជំងឺរាតត្បាត៕
ប្រែសម្រួលៈ ណៃ តុលា