ព័ត៌មានអន្តរជាតិ

រុស្ស៊ីកំពុងគ្រោងបញ្ជូន ជំនួយមនុស្សធម៌ ទៅអាហ្វហ្គានីស្ថាន

បរទេស ៖ ប្រទេសរុស្ស៊ី នាពេលបច្ចុប្បន្ននេះ កំពុងតែគ្រោងបញ្ជូនចំណី អាហារនិងឱសថ ទៅកាន់ប្រទេស អាហ្វហ្គានីស្ថាន សម្រាប់ជាជំនួយមនុស្សធម៌ ឲ្យបានឆាប់បំផុត នេះបើយោងតាមសេចក្តី រាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន RIA ដែលដកស្រង់សម្តីក្រសួង ការបរទេសរុស្ស៊ី នៅថ្ងៃចន្ទនេះ ។

ប្រទេសបរទេសនានា បានទទួលស្គាល់ការបង្កើតរដ្ឋាភិបាលថ្មី នៅក្នុងប្រទេស អាហ្វហ្គានីស្ថាន ជាមួយភាពប្រុងប្រយ័ត្ននិងការអាក់អន់ចិត្ត កាលពីសប្ដាហ៍មុន ក្រោយពួកតាលីបង់ បានតែងតាំងឥស្សរជនជើងចាស់ នានារបស់ខ្លួន ឲ្យកាន់តំណែងកំពូលៗ ដោយរួមមានទាំងអ្នកខ្លះ ស្ថិតក្នុងបញ្ជីទណ្ឌកម្ម អាមេរិកផងដែរ ។

គួរបញ្ជាក់ថា កាលពីសប្ដាហ៍មុន ប្រទេសចិនបានប្រកាសថា ខ្លួននឹងបញ្ជូនស្បៀងអាហារនិងឧបករណ៍ពេទ្យមានទំហំទឹកប្រាក់៣១លានដុល្លារ ទៅប្រទេសអាហ្វហ្គានីស្ថាន នៅក្នុងចំណោមការប្តេជ្ញាជំនួយបរទេសដំបូង ចាប់តាំងពីពួកតាលីបង់កាន់កាប់អំណាច កាលពីខែមុនមក ។

ចំណែកប៉ាគីស្ថាន កាលពីសប្ដាហ៍មុន បានបញ្ជូនគ្រឿងផ្គត់ផ្គង់នានា ដូចជាប្រេងឆានិងថ្នាំពេទ្យជាដើម ឲ្យទៅអាជ្ញាធរក្នុងទីក្រុងកាប៊ុល ក្នុងខណៈដែលរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនេះ បានអំពាវនាវដល់សហគមន៍អន្តរជាតិឲ្យផ្តល់ជំនួយដោយគ្មានលក្ខខណ្ឌ និងមិនបង្កកទ្រព្យសម្បត្តិរបស់អាហ្វហ្គានីស្ថាន៕
ប្រែសម្រួល៖ប៉ាង កុង

To Top