ព័ត៌មានអន្តរជាតិ

អ៊ីស្រាអែល វាយប្រហារពួកហាម៉ាស នៅតំបន់ហ្គាហ្សា

បរទេស ៖ អ៊ីស្រាអែលនិងពួកសកម្មប្រយុទ្ធ នៅតំបន់ហ្គាហ្សាស្ទ្រីប តាមសេចក្តីរាយការណ៍ បានវាយប្រហារគ្រាប់មីស៊ីល ដាក់គ្នា ស្របពេលភាពតានតឹង រវាងភាគីទាំងពីរ បានប្រែក្លាយជាហិង្សាសម្រាប់រយៈពេល ៣យប់តជាប់គ្នា ។

នៅព្រឹកថ្ងៃចន្ទ កងកម្លាំងជើងអាកាសអ៊ីស្រាអែល បាននិយាយប្រាប់ថា យន្តហោះចម្បាំងរបស់ខ្លួន បានបើកការវាយប្រហារតាមអាកាសមួយ ចូលទៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ជាការឆ្លើយតប ចំពោះគ្រាប់រ៉ុកកែតមួយគ្រាប់ ដែលបាញ់ចូលទៅក្នុង ប្រទេសអ៊ីស្រាអែល ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ នាព្រឹកថ្ងៃចន្ទ កងកម្លាំងការពារជាតិ អ៊ីស្រាអែល បាននិយាយថា ខ្លួនបានវាយប្រហារផ្តោត គោលដៅលើប៉ុស្តិ៍យោធា របស់ពួកហាម៉ាសមួយកន្លែង នៅក្នុងទីក្រុង Khan Yunis និងបានបន្ថែមថា កាំភ្លើងយន្តធុនធ្ងន់មួយ ត្រូវបានបាញ់ទៅលើអ៊ីស្រាអែល នៅក្នុងអំឡុងធ្វើការវាយប្រហារ តាមអាកាសនោះ ។

កងកម្លាំង ការពារជាតិ អ៊ីស្រាអែល បាននិយាយក្នុងសេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា “ជាថ្មីម្តងទៀត អង្គការភេរវកម្ម ហាម៉ាស បានជ្រើស ធ្វើសកម្មភាព តាមបែបអំពើភេរវកម្ម ជុំវិញការស្តារឡើងវិញ នៃតំបន់ហ្គាហ្សាស្ទ្រីប ហើយកងទ័ព ការពារជាតិ អ៊ីស្រាអែល នឹងមិនទទួលយកស្ថានភាព ដែលអង្គការភេរវកម្ម ធ្វើសកម្មភាពកលើប្រជាជន ក្នុងប្រទេសអ៊ីស្រាអែលឡើយ” ៕
ប្រែសម្រួល៖ប៉ាង កុង

To Top