ព័ត៌មានអន្តរជាតិ

លោក ពូទីន ជួបប្រធានាធិបតីស៊ីរី ថ្កោលទោស កងកម្លាំងអាមេរិក និងតួកគីនៅស៊ីរី

បរទេស​ ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានស្វាគមន៍ទទួលប្រធានាធិបតី ស៊ីរី លោក បាហ្សា អាល់អាសាដ នៅក្នុងទីក្រុងមូស្គូ សម្រាប់ជាលើកដំបូង គិតតាំងពីឆ្នាំ២០១៥មក និងបានធ្វើការរិះគន់ចំពោះកងកម្លាំងបរទេស ដែលឈរជើងប្រចាំការ ក្នុងទឹកដីស៊ីរី ដោយគ្មានការកំណត់ របស់អង្គការសហប្រជាជាតិ ដែលនេះជាការថ្កោលទោស ចំពោះកងទ័ពអាមេរិកនិងតួកគី ។

តាមសេចក្តីរាយការណ៍ ក្នុងនាមជាសម្ពន្ធមិត្តដ៏មានឥទ្ធិពលបំផុត របស់លោក អាសាដ នៅក្នុងជម្លោះស៊ីរីរយៈពេលមួយ ទសវត្សកន្លងមកនេះ លោក ពូទីន បានធ្វើការទទួលស្វាគមន៍ មេដឹកនាំស៊ីរីជាលើកចុងក្រោយបង្អស់ នៅក្នុងប្រទេសរុស្ស៊ី កាលពីឆ្នាំ២០១៨ នៅវិមានរដូវក្តៅ របស់លោក ក្នុងទីក្រុង Sochi។

វិមានក្រឹមឡាំងបាននិយាយថា នៅក្នុងជំនួបនាថ្ងៃចន្ទនោះ លោក វ្លាឌីមៀរ ពូទីន បាននិយាយប្រាប់ប្រធានាធិបតីស៊ីរីថា កងកម្លាំងបរទេសនៅក្នុងទឹកដីស៊ីរី ដោយគ្មានការសម្រេចចិត្ត របស់អង្គការសហប្រជាជាតិ គឺជាឧបសគ្គ ចំពោះការបង្រួបបង្រួមគ្នា ហើយលោក ពូទីន ក៏បានអបអរសាទរចំពោះលោក អាសាដផងដែរ សម្រាប់ការឈ្នះការបោះឆ្នោតជ្រើសប្រធានាធិបតី កាលពីខែឧសភា ។

យោងតាមសេចក្តីថ្លែងការណ៍មួយ របស់វិមានក្រឹមឡាំង លោកប្រធានាធិបតីរុស្ស៊ី បានមានប្រសាសន៍យ៉ាងដូច្នេះថា “ពួកភេរវករ បានបង្កឲ្យមានការខូចខាត យ៉ាងធ្ងន់ធ្ងរ ហើយរដ្ឋាភិបាលដឹកនាំដោយលោក (អាសាដ) គ្រប់គ្រងទឹកដី បាន៩០ភាគរយ” ៕
ប្រែសម្រួល៖ប៉ាង កុង

To Top