ព័ត៌មានអន្តរជាតិ

លោក Blinken ៖ អាមេរិកនឹងវាយតម្លៃ ចំណងមិត្តភាពប៉ាគីស្ថាន ជុំវិញអនាគត អាហ្វហ្គានីស្ថាន

បរទេស ៖ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានមានប្រសាសន៍ នៅថ្ងៃចន្ទសប្ដាហ៍នេះថា សហរដ្ឋអាមេរិក នឹងពិចារណា ចំពោះចំណងមិត្តភាពរបស់ខ្លួន ជាមួយប្រទេសប៉ាគីស្ថាន ក្នុងពេលប៉ុន្មាន សប្ដាហ៍ខាងមុខនេះ ដើម្បីកំណត់តួនាទីដែលទីក្រុងវ៉ាស៊ីនតោនចង់ធ្វើ នៅក្នុងអនាគត នៃប្រទេសអាហ្វហ្គានីស្ថាន ។

តាមសេចក្តីរាយការណ៍ លោករដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ បានប្រាប់គណៈកម្មការកិច្ចការបរទេស របស់រដ្ឋសភាថា ប្រទេសប៉ាគីស្ថាន មានចំណុចគួរឲ្យចាប់អារម្មណ៍ជាច្រើន ដោយចំណុចខ្លះស្ថិតក្នុងជម្លោះជាមួយអាមេរិក ។

ទីភ្នាក់ងារសារព័ត៌មាន Dawn ដែលចេញផ្សាយនៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ បានរាយការណ៍ថា នៅពេលត្រូវសមាជិករដ្ឋសភាចោទសួរថា តើវាជាពេលវេលាដែលទីក្រុងវ៉ាស៊ីនតោន ត្រូវធ្វើការវាយតម្លៃឡើងវិញ ចំពោះចំណងមិត្តភាពរបស់ខ្លួនជាមួយប៉ាគីស្ថានឬនោះ លោក Blinken បានថ្លែងប្រាប់ថា រដ្ឋបាលអាមេរិក នឹងធ្វើរឿងនោះឆាប់ៗនេះ។

“វាជារឿងមួយ ក្នុងចំណោមរឿង ដែលយើងនឹងពិចារណា នៅក្នុងពេលប៉ុន្មានថ្ងៃ និងប៉ុន្មានសប្ដាហ៍ខាងមុខ ជាតួនាទី ដែលប៉ាគីស្ថាន បានធ្វើជុំវិញ ២០ឆ្នាំកន្លងទៅ ប៉ុន្តែក៏ជាតួនាទីដែលយើងចង់ឃើញវាធ្វើ នៅក្នុងពេលប៉ុន្មានឆ្នាំខាងមុខ និងអ្វីដែលវានឹង ប្រើសម្រាប់ធ្វើរឿងនោះ” ៕ ប្រែសម្រួល៖ប៉ាង កុង

To Top