ព័ត៌មានអន្តរជាតិ

យន្តហោះទម្លាក់គ្រាប់បែក តម្លៃថ្លៃរបស់អាមេរិក រងការខូចខាត បន្ទាប់ពីបង្ខំចុះចត នៅមូលដ្ឋានទ័ពអាកាស Whiteman

បរទេស៖ យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយប្រភេទ B-2 Spirit ថ្មីៗនេះត្រូវបានគេឃើញហោះហើរនៅពីលើមហាសមុទ្រអាត្លង់ទិកជាមួយមិត្តរួមទ័ពអាកាសអាមេរិក F-15s និង Eurofighter Typhoons របស់កងទ័ពអាកាសអង់គ្លេស កំឡុងពេលបេសកកម្មបណ្តុះបណ្តាលមួយដែលព្យាយាមបង្កើតទំនាក់ទំនងណាតូ និងកាត់បន្ថយ“ ហានិភ័យសន្តិសុខ” នៅអឺរ៉ុប។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា កងទ័ពអាកាសអាមេរិកបានបញ្ជាក់នៅថ្ងៃអង្គារនេះថា យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ B-2 Spirit បានខូចខាតក្នុងកំឡុងពេលដំណើរការខុសប្រក្រតីនៅក្នុងការហោះហើរ ដែលថ្មីៗនេះបានកើតឡើងនៅលើផ្លូវរត់ នៅឯមូលដ្ឋានទ័ពអាកាស Whiteman រដ្ឋ មីសសួរី។

យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយ ដែលមានតំលៃថ្លៃនេះបានទ្រាំទ្រនឹងការខូច ខាត ខណៈដែលវាព្យាយាមចុះចតជាបន្ទាន់ ក្នុងពេលបេសកកម្មហ្វឹកហាត់ជាធម្មតា នៅព្រឹកថ្ងៃអង្គារ។ នេះបើយោងតាមអនុស្សរណៈនៃបញ្ជាការវាយលុកសកលរបស់កងទ័ពអាកាសដែលទទួលបានដោយ The Drive ។

បើតាមកំណត់ហេតុ គឺបានបញ្ជាក់យ៉ាងដូច្នេះថា «មិនមានរបួសបុគ្គលិកណាម្នាក់ ហើយក៏មិនមានការឆាបឆេះទាក់ទងនឹងការចុះចតបន្ទាន់នោះឡើយ»។

ភាពធ្ងន់ធ្ងរនៃការខូចខាត មិនត្រូវបានគេដឹងនោះទេ ព្រោះគ្មានព័ត៌មានលម្អិតបន្ថែមត្រូវបានផ្តល់ជូនអំពីព្រឹត្តិការណ៍នេះដែលរបាយការណ៍ស្ថិតនៅក្រោមការស៊ើបអង្កេតរបស់យោធាអាមេរិក៕

ប្រែសម្រួលៈ ណៃ តុលា

To Top