ព័ត៌មានអន្តរជាតិ

ទីក្រុងសេអ៊ូល៖កូរ៉េខាងជើងបាញ់ តេស្តមីស៊ីលផ្លោង ២គ្រាប់

បរទេស៖មន្ត្រីកូរ៉េខាងត្បូងនិយាយថា ប្រទេសកូរ៉េខាងជើង នៅថ្ងៃពុធនេះ បានបាញ់តេស្តសាកល្បងមីស៊ីលផ្លោងចំនួនពីរគ្រាប់ ចូលទៅក្នុងសមុទ្រស្ថិតនៅចន្លោះកូរ៉េនិងជប៉ុន ត្រឹមតែប៉ុន្មានថ្ងៃបន្ទាប់ពីទីក្រុងព្យុងយ៉ាងបានប្រកាសថា ខ្លួនបានធ្វើតេស្តគ្រូសមីស៊ីលបានជោគជ័យ។

នៅក្នុងអត្ថបទសារមួយដែលផ្ញើឲ្យដល់អ្នកសារព័ត៌មាន អគ្គសេនាធិការចម្រុះ បាននិយាយប្រាប់ថា យោធារបស់ប្រទេសកូរ៉េខាងត្បូង បានប្រទះឃើញមីស៊ីលផ្លោងវាយប្រហារក្នុងរយៈចម្ងាយខ្លីចំនួនពីរគ្រាប់ ដែលបានហោះក្នុងចម្ងាយប្រមាណ៥០០ម៉ាយ ក្នុងរយៈកម្ពស់អតិបរិមា៣៧ម៉ាយ។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា មីស៊ីលទាំងនោះ គឺត្រូវបានបាញ់នៅម៉ោង១២និង៣៤នាទី និងនៅម៉ោង១២និង៣៩នាទីរសៀល ពីទីក្រុង Yangdok ដែលជាក្រុងមួយស្ថិតនៅក្នុងខេត្ត South Pyongan។

អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង បាននិយាយប្រាប់យ៉ាងដូច្នេះថា “លក្ខណៈពិសេស ត្រូវបានវិភាគយ៉ាងលម្អិត ដោយទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូងនិងសហរដ្ឋអាមេរិក ហើយយើងកំពុងតែរក្សាគោលជំហរត្រៀមលក្ខណៈឲ្យរួចរាល់ទាំងស្រុង និងសហការគ្នាយ៉ាងជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក”៕ប្រែសម្រួល៖ប៉ាង កុង

To Top