ព័ត៌មានអន្តរជាតិ

អតីតប្រធានាធិបតីអាមេរិក លោក ប៊ូស លោក គ្លីនតុន និងលោក អូបាម៉ា រួមគ្នាជួយជនភៀសខ្លួន អាហ្វហ្គានីស្ថាន

បរទេស៖ អតីតប្រធានាធិបតីអាមេរិក ៣រូប គឺលោក ចច ដាប់ប៊លយូ ប៊ូស លោក ប៊ីល គ្លីនតុន និងលោកប៉ារ៉ាក់ អូបាម៉ា បានចូលរួមជុំគ្នា នៅពីក្រោយក្រុមថ្មីមួយ ដែលមានគោលដៅគាំទ្រ ដល់ជនភៀសខ្លួន មកពីប្រទេសអាហ្វហ្គានីស្ថាន ដែលចូលទៅរស់នៅសហរដ្ឋអាមេរិក ក្រោយការដកទ័ព របស់អាមេរិកថ្មីៗនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ កម្មវិធី Welcome.US បាននិយាយថា អតីតមេដឹកនាំអាមេរិកទាំង ៣រូបនិងភរិយា នឹងចូលរួមបម្រើការដល់កម្មវិធី Welcome.US ជាសម្ព័ន្ធមួយរបស់ក្រុមតស៊ូមតិ ក្រុមពាណិជ្ជកម្ម និងមេដឹកនាំដទៃទៀត ដែលចាប់ផ្តើមធ្វើឡើង នៅថ្ងៃអង្គារសប្ដាហ៍នេះ។

សម្ព័ន្ធនោះបាននិយាយថា ខ្លួននឹងជួយដល់ជនជាតិ អាហ្វហ្គានីស្ថានរាប់ម៉ឺននាក់ ដែលភៀសខ្លួនចេញពី ប្រទេសកំណើតរបស់ពួកគេ ជាផ្នែកនៃដំណើរជម្លៀស របស់រដ្ឋបាលលោក បៃដិន មកតាំងទីលំនៅថ្មីនៅទឹកដី សហរដ្ឋអាមេរិក តាមរយៈការប្រមូលអ្នកគាំទ្រ និងអ្នកស្ម័គ្រចិត្ត។

គួរបញ្ជាក់ថា ជនភៀសខ្លួនជាច្រើន នឹងអាចមានហានិភ័យ ប្រសិនបើពួកគេបន្តស្ថិត នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្រោមការគ្រប់គ្រងរបស់ពួកតាលីបង់ បន្ទាប់ពីពួកគេបានធ្វើការងារ ជាមួយកងទ័ពអាមេរិកនិងសម្ពន្ធមិត្ត ឬក៏ជាមួយទីភ្នាក់ងារអាមេរិក និងអន្តរជាតិ ក្នុងអំឡុងសង្គ្រាមរយៈពេល ២០ឆ្នាំកន្លងទៅ ៕

ប្រែសម្រួល៖ ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top