ព័ត៌មានអន្តរជាតិ

ចិន ពង្រឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ឥទ្ធិពល របស់អាមេរិក លើកូរ៉េខាងត្បូង

បរទេស ៖ ប្រទេសចិន បានបញ្ជាក់ជាថ្មី ពីជំហរប្រឆាំងអាមេរិក ឥទ្ធិពលលើប្រទេស កូរ៉េខាងត្បូង ដោយរដ្ឋមន្ត្រី ការបរទេសចិន លោក វ៉ាងយី បានអំពាវនាវឱ្យមាន “ ការគោរពគ្នា ទៅវិញទៅមក” ទាក់ទងនឹងផល ប្រយោជន៍ខុសគ្នា របស់ប្រទេសទាំងពីរ ក្នុងអំឡុង ពេលជួបជាមួយប្រធានាធិបតីកូរ៉េ ខាងត្បូង លោក មូន ចេអ៊ីន។

យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា លោកវ៉ាង យី បាននិយាយអំឡុង កិច្ចប្រជុំជាមួយ លោកមូន នៅវិមាន Cheong Wa Dae នៅថ្ងៃពុធថា “ ចិននិងកូរ៉េខាងត្បូង បានស្ថិតនៅក្នុងស្ថានភាពខុសៗគ្នា ប៉ុន្តែរហូតមកដល់ពេលនេះ ប្រទេសទាំងពីរ បានគាំទ្រផ្លូវអភិវឌ្ឍន៍ ដែលប្រទេសផ្សេងទៀត បានជ្រើសរើសនិងគោរព តាមផល ប្រយោជន៍សំខាន់ៗ របស់គ្នា ទៅវិញទៅមក។ ហើយយើងគួរតែរក្សាប្រពៃណី ដ៏ល្អនេះនៅពេលអនាគត ព្រោះវានឹងក្លាយជាកត្តាសំខាន់ ក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគី ប្រកបដោយសុខភាពល្អ” ។

សុន្ទរកថានេះកំពុងត្រូវ បានបកស្រាយដោយអ្នកខ្លះថា ជាការចង្អុលបង្ហាញថា ចិននិងកូរ៉េខាងត្បូង មានផលប្រយោជន៍ខុសគ្នា ចំពេលមានការប្រជែងគ្នា រវាងរដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន និង ទីក្រុងប៉េកាំង និងជាការដាក់សម្ពាធលើទីក្រុងសេអ៊ូលឱ្យ“ គោរព” ចិន ដែលមានភាពក្លាហានថែមទៀត នាពេលអនាគត ។

លោកវ៉ាង បានទៅដល់ប្រទេសកូរ៉េខាងត្បូង កាលពីថ្ងៃអង្គារ ហើយបានជួបសមភាគីកូរ៉េខាងត្បូងលោក Chung Eui-yong ប៉ុន្មានម៉ោងមុនជួបលោកមូន។

បន្ទាប់ពីកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី អ្នកយកព័ត៌មាន បានសួរយោបល់របស់លោក វ៉ាង យី អំពីជំហររបស់កូរ៉េខាងត្បូងចំពោះការប្រជែងគ្នារវាងចិន-អាមេរិក ហើយគាត់បានឆ្លើយថា “ អ្នកគួរតែសួរខ្លួនឯងថា តើអ្នកចូលចិត្ត អាមេរិកឬចិន” ហើយ“ រឿងមួយគឺច្បាស់ថា ចិននិងកូរ៉េខាងត្បូង គឺជាអ្នកជិតខាងជិតស្និទ្ធនិង ជាដៃគូ ដែលមិនអាចបោះបង់ចោលគ្នាបាន” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top