ព័ត៌មានអន្តរជាតិ

អាមេរិក ថ្កោលទោស ការធ្វើតេស្ដមីស៊ីល របស់កូរ៉េខាងជើង ប៉ុន្ដែបន្ដអំពាវនាវ សុំកិច្ចចរចា

វ៉ាស៊ីនតោន ៖ សហរដ្ឋអាមេរិក បានថ្កោលទោស ការបាញ់មីស៊ីលផ្លោងរបស់កូរ៉េខាងជើង ដោយអំពាវនាវ ឱ្យទីក្រុងព្យុងយ៉ាងចូលរួម កិច្ចសន្ទនាប្រកបដោយអត្ថន័យ ជាមួយទីក្រុងវ៉ាស៊ីនតោន ។

អ្នកនាំពាក្យក្រសួងការបរទេស អាមេរិកលោក Ned Price បានប្រាប់អ្នកយកព័ត៌មាន នៅក្នុងសន្និសីទសារព័ត៌មានខ្លីមួយថា សហរដ្ឋអាមេរិកថ្កោលទោស ការបាញ់មីស៊ីលរបស់កូរ៉េខាងជើង ដោយកត់សម្គាល់ថា “ ការបាញ់មីស៊ីលទាំងនេះ គឺជាការរំលោភលើ សេចក្តីសម្រេច ជាច្រើនរបស់ក្រុមប្រឹក្សា សន្តិសុខអង្គការ សហប្រជាជាតិ ពួកគេបង្កការគំរាមកំហែង ដល់ប្រទេសជិតខាងកូរ៉េខាងជើង និងសមាជិកដទៃទៀតនៃ សហគមន៍អន្តរជាតិ” ។

ទន្ទឹមនឹងនេះដែរលោក Price បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោន នៅតែប្តេជ្ញាចិត្ត ចំពោះវិធីសាស្រ្តការទូតមួយ ទៅកាន់ទីក្រុងព្យុងយ៉ាង ដើម្បីបន្តការរំសាយអាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ ។

លោកបានបន្ថែមថា“ យើងសូមអំពាវនាវឱ្យកូរ៉េខាងជើង ចូលរួមក្នុងការសន្ទនាដ៏មានន័យ និងមានសារៈសំខាន់ ជាមួយយើង យើងបានបង្ហាញយ៉ាងច្បាស់ នៅក្នុងសារ ដែលយើងបានបញ្ជូនទៅកូរ៉េខាងជើងថា យើងត្រៀមខ្លួន ដើម្បីចូលរួមក្នុង កិច្ចសន្ទនានោះ” ។

លោកក៏បានបញ្ជាក់ជាថ្មីថា ការប្តេជ្ញាចិត្តរបស់អាមេរិក ចំពោះសម្ព័ន្ធមិត្ត ក្នុងតំបន់ គឺមានភាពរឹងមាំ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

រដ្ឋបាលលោក បៃដិន បានលើកឡើងម្តងហើយម្តងទៀតថា ខ្លួនព្យាយាមចូលរួម ជាមួយទីក្រុងព្យុងយ៉ាង ជុំវិញបញ្ហាការរំសាយអាវុធ នុយក្លេអ៊ែរ ប៉ុន្តែមិនបានបង្ហាញពីឆន្ទៈក្នុងការបន្ធូរបន្ថយ ទណ្ឌកម្មនោះទេ ៕

ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top