ព័ត៌មានអន្តរជាតិ

ទីក្រុងកាប៊ុល របស់អាហ្វហ្គានីស្ថាន រងការវាយប្រហារដោយ មីស៊ីល ជាច្រើនគ្រាប់

បរទេស៖ ទីភ្នាក់ងាររ៉យទ័រ Aamaj បានរាយការណ៍ថា រ៉ុក្កែតជាច្រើនគ្រាប់បានវាយប្រហារសង្កាត់ Khair Khāna ក្នុងទីក្រុងកាប៊ុល ប្រទេស អាហ្វហ្គានីស្ថាន។ ប្រភពបានបង្ហាញថា ឧបទ្ទវហេតុនេះបានកើតឡើងនៅជិតរោងចក្រថាមពលមួយក្នុងទីក្រុងកាប៊ុល។ អ្នកស្រុកនិយាយថា មីស៊ីលអាចបាញ់ដល់ស្ថានីយអគ្គិសនី Chamtalah ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា រហូតមកដល់ពេលនេះមិនទាន់មានសេចក្តីរាយការណ៍អំពីការស្លាប់ ឬការខូចខាតណាមួយដែលបណ្តាលមកពីការបាញ់រ៉ុក្កែតនោះទេ ហើយក៏មិនទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះនៅឡើយនោះដែរ។

សូមជម្រាបថា ស្ថានការណ៍នៅអាហ្វហ្គានីស្ថាននៅតែមានភាពតានតឹងចាប់តាំងពីពួកតាលីបង់ បានដណ្តើមកាន់កាប់ខេត្តភាគច្រើនរបស់ប្រទេស និងដណ្តើមបានទីក្រុងកាប៊ុល កាលពីខែសីហា ខណៈប្រធានាធិបតីអាហ្វហ្កានីស្ថានលោក Ashraf Ghani បានភៀសខ្លួនចេញពីប្រទេស។

នៅចុងខែនោះយោធាអាមេរិកបានចាកចេញពីអាកាសយានដ្ឋានទីក្រុងកាប៊ុលដោយនាំមកនូវការបញ្ចប់វត្តមានរបស់អាមេរិកនៅអាហ្វហ្គានីស្ថានបន្ទាប់ពីយុទ្ធនាការយោធារយៈពេល ២០ ឆ្នាំ៕ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top