ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអូស្ត្រាលី៖លោកបានបញ្ជាក់ យ៉ាងច្បាស់ដល់បារាំង ស្តីពីលទ្ធភាពលុបចោល កិច្ចព្រមព្រៀង នាវាមុជទឹក

បរទេស៖នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Scott Morrison បានមានប្រសាសន៍នៅថ្ងៃសុក្រនេះថា លោកបានលើកឡើងពីភាពអាចទៅរួច ដែលអូស្ត្រាលីអាចលុបចោលកិច្ចព្រមព្រៀងនាវាមុជទឹកឆ្នាំ២០១៦ ជាមួយក្រុមហ៊ុនបារាំង នៅក្នុងកិច្ចពិភាក្សាគ្នាជាមួយប្រធានាធិបតីបារាំង កាលពីខែមិថុនា ហើយនេះជាការច្រានចោលការរិះគន់របស់បារាំង ដែលថា អូស្ត្រាលីមិនបានប្រាប់មុន។

ប្រទេសអូស្ត្រាលី កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា ខ្លួននឹងលុបចោលកិច្ចព្រមព្រៀង៤០ពាន់លានដុល្លារ ជាមួយក្រុមហ៊ុនបារាំង Naval Group ក្នុងការផលិតកងនាវាមុជទឹកធម្មតា ហើយនឹងជំនួសមកវិញ នូវការកសាងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែយ៉ាងហោចចំនួន៨គ្រឿង ជាមួយបច្ចេកវិទ្យាសហរដ្ឋអាមេរិកនិងអង់គ្លេស ក្រោយបង្កើតភាពជាដៃគូសន្តិសុខត្រីភាគី។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសបារាំង លោក Jean-Yves Le Drian បានពិពណ៌នាការសម្រេចចិត្តរបស់អូស្ត្រាលីនោះ ថាជាការចាក់ពីក្រោយ។

លោក Scott Morrison នៅថ្ងៃសុក្រនេះ បានទទួលស្គាល់ពីភាពប៉ះពាល់ ចំពោះចំណងមិត្តភាពអូស្ត្រាលីនិងបារាំង ប៉ុន្តែបានទទូចថា លោកបាននិយាយប្រាប់ដល់លោកប្រធានាធិបតីបារាំង Emmanuel Macron នៅក្នុងខែមិថុនាថា អូស្ត្រាលីបានកែប្រែការគិតរបស់ខ្លួន ស្តីពីកិច្ចព្រមព្រៀង ហើយអាចនឹងបង្កើតការសម្រេចចិត្តថ្មីមួយផ្សេងទៀត៕ប្រែសម្រួល៖ប៉ាង កុង

To Top
×