ព័ត៌មានអន្តរជាតិ

អូស្ត្រាលី យល់ព្រមចំពោះការបង្កើន បញ្ជូនកងទ័ពអាកាសអាមេរិក ក្រោយធ្វើកិច្ចព្រមព្រៀង នាវាមុជទឹក

បរទេស៖ ប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានប្រកាសពីការពង្រីក សហប្រតិបត្តិការយោធា ដែលរួមមានទាំងការបញ្ជូន វិលជុំនៃយន្តហោះយោធាអាមេរិក គ្រប់ប្រភេទទាំងអស់ មកកាន់អូស្ត្រាលី ក្រោយមួយថ្ងៃបន្ទាប់ពី ប្រកាសកិច្ចព្រមព្រៀងនាវាមុជទឹក ដែលចិនថ្កោលទោសថា ជាការបង្កើនការប្រកួតប្រជែង អាវុធក្នុងតំបន់។

ថ្លែងប្រាប់ក្រោយជំនួប រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិ របស់អាមេរិកនិងអូស្ត្រាលីនោះ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Peter Dutton បានមានប្រសាសន៍ថា ភាគីទាំងពីរនឹងធ្វើឲ្យកាន់តែ ប្រសើរឡើងជាខ្លាំង នូវសហប្រតិបត្តិការ កងកម្លាំងរបស់យើង ដោយធ្វើការបង្កើនអន្តរប្រតិបត្តិការ និងធ្វើឲ្យកាន់តែស៊ីជម្រៅ នូវសកម្មភាពសម្ពន្ធភាព នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន APA នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា លោក Peter Dutton បាននិយាយប្រាប់សន្និសីទកាសែត ក្នុងទីក្រុងវ៉ាស៊ីនតោនដូច្នេះថា “នេះនឹងរួមបញ្ចូលទាំង សហប្រតិបត្តិការដែនអាកាស កាន់តែខ្លាំងក្លាឡើង តាមរយៈការបញ្ជូនវិលជុំនៃ យន្តហោះយោធាអាមេរិក គ្រប់ប្រភេទទាំងអស់ ទៅកាន់អូស្ត្រាលី”។

“យើងក៏បានបង្កើតនូវ និរន្តរភាពដឹកជញ្ជូនរួម និងសមត្ថភាពសម្រាប់ការ ជួសជុលថែទាំង ដើម្បីគាំទ្រសកម្មភាពកាន់ តែប្រសើររបស់យើង រួមមានទាំងការដឹកជញ្ជូន និងសមត្ថភាពទ្រទ្រង់ សម្រាប់នាវាមុជទឹក និងកងកម្លាំងប្រយុទ្ធលើ ផ្ទៃទឹកនៅអូស្រ្តាលី” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top