ព័ត៌មានអន្តរជាតិ

អ៊ុយក្រែន និងអាមេរិក នឹងប្រារព្ធធ្វើ សហសមយុទ្ធយោធា

បរទេស៖ អគ្គសេនាធិការអ៊ុយក្រែន បាននិយាយនៅពេលថ្មីៗនេះថា អ៊ុយក្រែន និងសហរដ្ឋអាមេរិក នឹងចាប់ផ្តើមធ្វើសហសមយុទ្ធយោធា នៅក្នុងប្រទេសអ៊ុយក្រែន ភាគខាងលិច នៅសប្ដាហ៍ក្រោយ ក្រោយប៉ុន្មានថ្ងៃបន្ទាប់ពី បេឡារុសនិងរុស្ស៊ី បានធ្វើសមយុទ្ធទ្រង់ទ្រាយធំ ដែលធ្វើឲ្យប្រទេសជិតខាង មានការព្រួយបារម្ភ។

តាមសេចក្តីរាយការណ៍ ល្បែងសង្គ្រាម Zapad-2021 នោះ ត្រូវបានប្រព្រឹត្តធ្វើឡើង នៅលើផ្នែកភាគខាងលិច នៃប្រទេសរុស្ស៊ីនិងបេឡារុស រួមមានទាំងទីតាំងដែលស្ថិតនៅ ជិតព្រំដែនរបស់សហភាពអឺរ៉ុប និងបានធ្វើឲ្យប្រទេសអ៊ុយក្រែន និងប្រទេសសមាជិកណាតូមួយចំនួន មានការព្រួយបារម្ភជាខ្លាំង។

អ៊ុយក្រែនបាននិយាយប្រាប់ថា សហសមយុទ្ធយោធា “RAPID TRIDENT – 2021” នឹងមានការចូលរួមដោយកងទ័ពចំនួន ៦.០០០នាក់ មកពីបណ្ដាប្រទេសចំនួន១៥ គឺមកពីប្រទេសអ៊ុយក្រែន សហរដ្ឋអាមេរិក និងប្រទេសជាសមាជិកណាតូដទៃទៀត ហើយនឹងប្រព្រឹត្តទៅរហូតដល់ថ្ងៃទី០១ ខែតុលា។

គួរបញ្ជាក់ថា ប្រទេសអ៊ុយក្រែន មើលឃើញការធ្វើសមយុទ្ធយោធា ជាមួយបណ្ដាប្រទេសដៃគូលោកខាងលិច ថាជាវិធានការដ៏សំខាន់មួយ លើផ្លូវឆ្ពោះទៅចូលរួម ជាមួយអង្គការណាតូ ដោយជឿថា ភាពជាសមាជិកនៅក្នុង អង្គការសម្ពន្ធមិត្ត នឹងពង្រឹងភាពតស៊ូប្រឆាំងរបស់ខ្លួន ចំពោះការឈ្លានពានពីរុស្ស៊ី ៕

ប្រែសម្រួល៖ ប៉ាង កុង

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top