ព័ត៌មានអន្តរជាតិ

ឯកអគ្គរាជទូតបារាំង៖ អូស្ត្រាលី បង្កើតកំហុសដ៏ធំ ដោយការលុបចោល កិច្ចព្រមព្រៀង នាវាមុជទឹក

បរទេស ៖ឯកអគ្គរាជទូតបារាំង បាននិយាយនៅថ្ងៃសៅរ៍នេះថា អូស្ត្រាលី នាពេលថ្មីៗនេះ បានបង្កើតកំហុសការទូតដ៏ធំមួយ ក្រោយទីក្រុងកង់ប៉េរ៉ា បានធ្វើការលុបចោលការបញ្ជាទិញ នាវាមុជទឹកបារាំង មានទំហំទឹកប្រាក់រាប់ពាន់លានដុល្លារ ដោយធ្វើកិច្ចព្រមព្រៀងផ្សេងមួយទៀត ជាមួយសហរដ្ឋអាមេរិក និងអង់គ្លេស។ 

លោកឯកអគ្គរាជទូត Jean-Pierre Thebault បាននិយាយប្រាប់អ្នកកាសែត ក្នុងទីក្រុងកង់ប៉េរ៉ាថា “ខ្ញុំគិតថា នេះគឺជាកំហុសដ៏ធំមួយ ជាការដោះស្រាយដ៏អាក្រក់នៃភាពជាសមាជិក ព្រោះវាមិនមែនជាកុងត្រា វាជាភាពជាសមាជិក ដែលទំនងជាផ្អែកលើទំនុកចិត្ត ការយោគយល់និងភាពស្មោះត្រង់នឹងគ្នាទៅវិញទៅមក”។ 

គួរបញ្ជាក់ថា ប្រទេសអូស្ត្រាលីបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា ខ្លួននឹងលុបចោលកិច្ចព្រមព្រៀង ដែលចុះហត្ថលេខាក្នុងឆ្នាំ២០១៦ ជាមួយក្រុមហ៊ុនបារាំង Naval Group ក្នុងការផលិតកងនាវាមុជទឹក ហើយនិងជំនួសមកវិញ ដោយធ្វើការផលិតនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែយ៉ាងតិចចំនួន៨គ្រឿង ជាមួយបច្ចេកវិទ្យាសហរដ្ឋអាមេរិកនិងអង់គ្លេស ក្រោយបង្កើតភាពជាដៃគូសន្តិសុខត្រីភាគី។ 

ប្រទេសបារាំង បានហៅការលុបចោលកិច្ចព្រមព្រៀង ដែលមានតម្លៃទឹកប្រាក់៤០ពាន់លានដុល្លារក្នុងឆ្នាំ២០១៦នោះ ថាជាការចាក់មួយកាំបិតពីក្រោយ និងបានកោះហៅឯកអគ្គរាជទូតខ្លួនឲ្យវិលត្រឡប់វិញ ពីសហរដ្ឋអាមេរិកនិងអូស្ត្រាលី៕

ប្រែសម្រួល៖ប៉ាង កុង 

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top