ព័ត៌មានអន្តរជាតិ

អភិបាលក្រុងបាងកក បដិសេធព័ត៌មាន បើកក្រុងឡើងវិញ នៅថ្ងៃទី១៥ តុលាខាងមុខ

បរទេស៖ អភិបាលក្រុងបាងកក (BMA) លោកឧត្តមសេនីយ៍ Aswin Kwanmuang បាននិយាយថា គ្មានគម្រោងចំពោះការបើកឡើងវិញសម្រាប់ភ្ញៀវទេសចរបរទេស នៅថ្ងៃទី ១៥ ខែតុលានោះទេ ហើយក៏នឹងគ្មានការពិភាក្សារឿងបើកនោះដែរ រហូតដល់ប្រជាជនជាង ៧០% ត្រូវបានចាក់វ៉ាក់សាំងពេញលេញ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយកាលពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ Aswin បានបដិសេធការរំពឹងទុកដែលថា រដ្ឋធានីបាងកក នឹងបើកដំណើរការឡើងវិញសម្រាប់ភ្ញៀវទេសចរបរទេស និងសកម្មភាពនានានៅថ្ងៃទី ១៥ ខែតុលាខាងមុខ ដោយទទូចថា លោកមិនដែលនិយាយថា ទីក្រុងបាងកកនឹងបើកឡើងវិញនៅថ្ងៃនោះទេ ព្រោះសុវត្ថិភាពសុខភាព គឺជាអាទិភាពកំពូល។

លោកបន្តថា ការផ្តោតគឺទៅលើការពន្លឿនការចាក់វ៉ាក់សាំងបង្ការវីរុសរបស់ប្រជាជននៅទីក្រុង ហើយបើនិយាយអំពីការបើកទីក្រុងបាងកកឡើងវិញ អាចត្រូវបានផ្តួចផ្តើម បន្ទាប់ពីប្រជាជនជាង ៧០% ទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជាលើកទី ២ ។

ការរំពឹងទុកអំពីការបើកទីក្រុងបាងកកឡើងវិញនៅពាក់កណ្តាលខែតុលា គឺបានកើតចេញពីសេចក្តីថ្លែងការណ៍របស់នាយករដ្ឋមន្រ្តី ប្រាយុទ្ធចាន់ អូចា ដែលបានធ្វើឡើងកាលពីថ្ងៃទី ១៦ ខែមិថុនាថា រដ្ឋាភិបាលរបស់លោកនឹងបើកប្រទេសឡើងវិញក្នុងរយៈពេល ១២០ ថ្ងៃ ដែលចំនឹងពាក់កណ្តាលខែតុលា។

សូមជម្រាបថា វឌ្ឍនភាពនៃយុទ្ធនាការចាក់វ៉ាក់សាំង អភិបាលក្រុងបាងកក បាននិយាយថា តាមកាលកំណត់ប្រជាជននៅក្នុងទីក្រុងបាងកក ដែលចាក់វ៉ាក់សាំងរួច គួរតែសម្រេចបាន ៧០% នៅថ្ងៃទី ២២ ខែតុលា ប៉ុន្តែវាអាចនៅត្រឹមថ្ងៃទី ១០ ខែតុលា ប្រសិនបើវ៉ាក់សាំង ត្រូវបានផ្តល់ឱ្យលឿនជាងនេះ៕

ប្រែសម្រួលៈ ណៃ តុលា

To Top