ព័ត៌មានអន្តរជាតិ

អេហ្ស៊ីប ជំរុញឲ្យអ៊ីស្រាអែល ស្ដារកិច្ចចរចាសន្ដិភាព ជាមួយប៉ាឡេស្ទីនឡើងវិញ

គ៊ែរ៖ រដ្ឋមន្ត្រីការបរទេស អេហ្ស៊ីបលោក Sameh Shoukry បានសន្ទនាតាមទូរស័ព្ទជាមួយ សមភាគីអ៊ីស្រាអែលលោក Yair Lapid ហើយបានជំរុញឱ្យអ៊ីស្រាអែល ស្តារកិច្ចចរចាសន្តិភាពជាមួយ ភាគីប៉ាឡេស្ទីនឡើងវិញ ដើម្បីបញ្ចប់ជម្លោះដែលមានរយៈពេល រាប់ទសវត្សរ៍របស់ប្រទេសទាំងពីរ។

អ្នកនាំពាក្យក្រសួងការបរទេស អេហ្ស៊ីបលោក Ahmed Hafez បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍ថា លោក Shoukry បានសង្កត់ធ្ងន់លើភាពចាំបាច់ នៃការបង្កើតលំហនយោបាយសម្រាប់ ការបន្តការចរចាសន្តិភាព អ៊ីស្រាអែល-ប៉ាឡេស្ទីន ក្នុងលក្ខណៈមួយ ដែលពង្រឹងសសរស្តម្ភ ស្ថិរភាពនៅក្នុងតំបន់ និងជួយបន្ថយរលក នៃភាពតានតឹង។

សេចក្តីថ្លែងការណ៍នេះបានឲ្យដឹងថា កិច្ចពិភាក្សាតាមទូរស័ព្ទ Shoukry-Lapid ក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែង ដែលបានធ្វើឡើងក្នុងការ សម្របសម្រួលជាមួយ អាជ្ញាធរប៉ាឡេស្ទីនសម្រាប់ ការកសាងឡើងវិញ និងការអភិវឌ្ឍន៍នៃ ទឹកដីដែលប៉ាឡេស្ទីនកាន់កាប់។

កិច្ចពិភាក្សានេះបានកើតឡើង ប៉ុន្មានថ្ងៃបន្ទាប់ពី ប្រធានាធិបតីអេហ្ស៊ីបលោក អាប់ឌែល-ហ្វាតាអាល់ស៊ីស៊ី បានជួបជាមួយ នាយករដ្ឋមន្រ្តីអ៊ីស្រាអែលលោក Naftali Bennett នៅទីក្រុងរមណីយដ្ឋានសមុទ្រក្រហម អេហ្ស៊ីបសាមអែល-សេក និងពិភាក្សាពីការវិវត្តនៃ បញ្ហារវាងអ៊ីស្រាអែល-ប៉ាឡេស្ទីន។

អេហ្ស៊ីប ដែលបានចុះហត្ថលេខាលើ សន្ធិសញ្ញាសន្តិភាពឧបត្ថម្ភ ដោយអាមេរិក ជាមួយអ៊ីស្រាអែលក្នុងឆ្នាំ១៩៧៩ តែងតែគាំទ្រសិទ្ធិរបស់ប៉ាឡេស្ទីន ក្នុងការបង្កើតរដ្ឋឯករាជ្យ របស់ពួកគេនៅតាមព្រំដែនឆ្នាំ១៩៦៧ ជាមួយទីក្រុងយេរ៉ូសាឡឹមខាងកើត ជារដ្ឋធានីរបស់ខ្លួនដោយផ្អែកលើរដ្ឋពីរ ដែលស្នើដោយ អង្គការសហប្រជាជាតិ ៕

ដោយ ឈូក បូរ៉ា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top