ព័ត៌មានអន្តរជាតិ

រដ្ឋមន្រ្តីការពារជាតិ ស៊ីរី ធ្វើដំណើរ ទស្សនកិច្ចដ៏កម្រទៅ ហ្សកដានី

បរទេស៖រដ្ឋមន្ត្រីការពារជាតិស៊ីរី តាមសេចក្តីរាយការណ៍ បានធ្វើដំណើរទស្សនកិច្ចប្រទេសហ្សកដានី ដើម្បីពិភាក្សាពីស្ថិរភាព នៅលើព្រំដែនរបស់ប្រទេសទាំងពីរ ហើយនេះជាជំនួបបែបនេះដំបូង ចាប់តាំងពីជម្លោះស៊ីរីបានផ្ទុះឡើង កាលពីប្រមាណ១០មុន ជាពេលដែលប្រទេសជិតខាងគ្នាទំាងពីរ បានគាំទ្រដល់ភាគីផ្សេងគ្នា។

ជំនួបកាលពីថ្ងៃអាទិត្យម្សិលមិញនេះ គឺត្រូវបានធ្វើឡើងក្រោយមានការវាយលុកដ៏ធំមួយរបស់កងទ័ព ដើម្បីដណ្ដើមយកបន្ទាយចុងក្រោយរបស់ពួកឧទ្ទាម នៅក្នុងប្រទេសស៊ីរីភាគខាងត្បូង និងក្រោយមានការបង្កើតឡើងវិញ នូវការគ្រប់គ្រងលើទីក្រុង Deraa ក្នុងខែនេះ ដែលជាទីក្រុងដ៏ធំមួយស្ថិតនៅខាងត្បូងទីក្រុងដាម៉ាស ក្នុងកិច្ចព្រមព្រៀងសម្របសម្រួលដោយរុស្ស៊ី។

កងទ័ពហ្សកដានីបាននិយាយថា ប្រមុខកងទ័ពហ្សកដានី លោកឧត្តមសេនីយ៍ Yousef Hunaiti បានជួបជាមួយរដ្ឋមន្ត្រីការពារជាតិស៊ីរី និងជាប្រធានអគ្គសេនាធិការ លោក Ali Ayyoub ជុំវិញរឿងស្ថានភាពនៅទីក្រុង Deraa និងដើម្បីពិភាក្សាគ្នាពីបញ្ហានានា ដូចជាការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម និងការជួញដូរគ្រឿងញៀននៅក្នុងតំបន់។

យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Aljazeera នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២១ បានឲ្យដឹងថា សេចក្តីថ្លែងការណ៍យោធាមួយបាននិយាយយ៉ាងដូច្នេះថា “កិច្ចពិភាក្សាគ្នា គឺស្ថិតក្នុងភាពពាក់ព័ន្ធ ដើម្បីបង្កើនកិច្ចសហការគ្នានាពេលអនាគត ជុំវិញបញ្ហារួមទាំងអស់”៕ប្រែសម្រួល៖ប៉ាង កុង

To Top