ព័ត៌មានអន្តរជាតិ

មេដឹកនាំបារាំង និងអាមេរិកត្រូវជួបពិភាក្សាគ្នា ក្រោយបញ្ហាវិបត្តិ ទំនាក់ទំនងការទូត

បរទេស៖ យោងតាមការចេញផ្សាយ របស់បរទេសកាលពីថ្ងៃអាទិត្យ បានសរសេរថា ប្រធានាធិបតីបារាំង Emmanuel Macron នឹងត្រូវជួបពិភាក្សាគ្នា ជាមួយនឹងប្រធានាធិបតីអាមេរិក Joe Biden នៅប៉ុន្មានថ្ងៃខាងមុខនេះ។

ប្រភពដដែលបានសរសេរទៀតថា ការជួបពិភាក្សាគ្នានេះបានធ្វើឡើង នៅក្រោយពេលដែលបញ្ហាវិបត្តិ ទំនាក់ទំនងការទូត រវាងបារាំង និងអាមេរិក ចំពោះបញ្ហានៃកិច្ចព្រមព្រៀង នាវាមុជទឹករបស់អាមេរិក ទៅឲ្យប្រទេសអូស្ត្រាលី។

អ្នកនាំពាក្យលោក Gabriel Attal បានបញ្ជាក់ថា ការសន្ទនាតាមទូរស័ព្ទលើកនេះ នឹងធ្វើឡើងក្រោមការស្នើសុំ ពីសំណាក់លោកប្រធានាធិបតី អាមេរិក Joe Biden ខណៈដែលបារាំង គឺជាអ្នកដែលបានផ្តើម ចេញនូវក្តីខឹងសំបារ ចំពោះកិច្ចព្រមព្រៀង រវាងអាមេរិក និងអូស្ត្រាលី។

គួរឲ្យដឹងដែរថា កិច្ចព្រមព្រៀងឆ្នាំ២០១៦ រវាងបារាំងនិងអូស្ត្រាលី ក្នុងតម្លៃប្រមាណជា ៦៦ពាន់លានដុល្លារ ដែលបារាំងនឹងត្រូវសាងសង់ នាវាមុជទឹកដើរដោយ ថាមពលអគ្គិសនី និងប្រេងម៉ាស៊ូតប្រមាណជា ១២គ្រឿងឲ្យ អូស្ត្រាលីត្រូវបានលប់ចោលភ្លាមៗ តែបែរជាអូស្ត្រាលីបានចូលរួមចុះហត្ថលេខា ទិញយកនាវាមុជទឹក ៨គ្រឿង ពីអាមេរិកទៅវិញហើយ ដោយមិនបានផ្តល់ដំណឹងជាមុនឡើយ សម្រាប់កិច្ចព្រមព្រៀងនេះ ៕

ប្រែសម្រួល៖ ស៊ុន លី

To Top
×